|

គន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនប្រឡងចូលសិក្សាជំនាញវេជ្ជសាស្ត្រ


ដោយ៖ ស សូនិតា

ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ការជ្រើសរើសចូលសិក្សាថ្នាក់មហាវិទ្យាល័យជារឿងសំខាន់។ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ការត្រៀមខ្លួនឱ្យបានរួចរាល់មុនចូលសិក្សាតាមមុខជំនាញណាមួយដែលយើងពេញចិត្ត ដែលទាមទារឱ្យយើងមានការស្វែងយល់ឱ្យបានច្បាស់នូវ គន្លឹះ ក៏ដូចជាវិធីសាស្ត្រមួយចំនួន ដើម្បីទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រ។ ខាងក្រោមនេះ ជាការចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួន ដើម្បីត្រៀមខ្លួនប្រឡងចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នៅតាមសាកលវិទ្យាល័យនានា៖

១. កញ្ញា សៀវ ម៉ុយង៉៖  ជាអតីតបេក្ខជនប្រឡងចូលរៀននៅឆ្នាំ២០១២ បច្ចុប្បន្នកំពុង សិក្សាជំនាញវេជ្ជសាស្រ្តទូទៅ ឆ្នាំទី៨ នៅសាកលវិទ្យាល័យអន្តរជាតិ(IU) និងជាគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចែករំលែកជាមួយ BRANDMEDIA ថា « ដើម្បីត្រៀមខ្លួនចូលរៀនជំនាញវេជ្ជសាស្ត្រ ដំបូងគឺត្រូវតែរៀនបំប៉នលើមុខវិជ្ជាដែលត្រូវប្រឡងឲ្យបានច្រើន ពិសេសគឺរយៈពេលបីខែមុនប្រឡង»។ កញ្ញាបានបន្តថា « ការរៀបចំកាលវិភាគសម្រាប់រៀន គឺសំខាន់ណាស់ ត្រូវចេះបែងចែកពេលវេលា រៀនបន្ថែមក្រៅម៉ោង និងការរៀនដោយខ្លួនឯងផង។ មួយវិញទៀត យើងមិនត្រឹមតែត្រៀមឯកសារ និងរៀនធ្វើលំហាត់តែប៉ុណ្ណោះទេ ការត្រៀមខ្លួនដាក់ពាក្យ និងការជ្រើសរើសសាលាណាមួយជាជម្រើសទីមួយ ឬទីពីរក៏សំខាន់ដែរ»។

កញ្ញា សៀវ ម៉ុយង៉

២. កញ្ញា ឆេង ស្រីនាត៖ ជាអតីតបេក្ខជនប្រឡងចូលរៀននៅឆ្នាំ២០១៩ បច្ចុប្បន្នកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ(IU) ឆ្នាំទី៣ ជំនាញឱសថសាស្ត្រ បានបង្ហើបប្រាប់ពីការត្រៀមលក្ខណៈដូចជា « នៅពេលដែលបានបញ្ចប់បាក់ឌុប ដោយយើងដឹងថាខ្លួនយើងមានគោលដៅចង់រៀនពេទ្យ ដូច្នេះហើយគឺត្រូវស្វែងរកសាលាដែលល្អៗដើម្បីរៀនបន្ថែមលើ មុខវិជ្ជាចំនួន៣សំខាន់ៗ គឺ គណិតវិទ្យា ជីវវិទ្យា និងគីមីវិទ្យា។ យ៉ាងណាមិញ បច្ចេកវិទ្យាឥឡូវក៏ទំនើប ដូច្នេះហើយគឺអាចឲ្យយើងទទួលបានមេរៀន និងលំហាត់ឬឯកសារទាក់ទងបានយ៉ាងទូលាយ ពិសេសគឺការតាមដានពីព័ត៌មានពីការដាក់ពាក្យនិងការប្រឡងតែម្តង»។

កញ្ញ ឆេង ស្រីនាត

៣. កញ្ញា ពាន គីមតាវ៖ បច្ចុប្បន្នជានិស្សិតបន្តការសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ(UP) ឆ្នាំទី៣ ជំនាញឱសថសាស្ត្រ បានរៀបរាប់ជុំវិញបញ្ហានេះផងដែរថា « កាត្រៀមខ្លួនដំបូង គឺត្រូវហ្វឹកហាត់សមត្ថភាពខ្លួនឯងឱ្យបានល្អ  ទន្ទឹមនឹងនេះ គួរប្រឡងសាកល្បងឲ្យបានច្រើន ស្វែងរកឯកសារចាស់ៗដែលធ្លាប់ចេញប្រឡង រៀនអនុវត្ត ដើម្បីដឹងពីគំរូទូទៅ និងជាការវាស់ស្ទង់សមត្ថភាពខ្លួនឯង។ អ្វីដែលសំខាន់ត្រូវត្រៀមទៀតនោះ គឺត្រៀមទាំងផ្នែកស្មារតី ផ្នែកសម្ភារៈ និងឯកសារសម្គាល់ខ្លួនពេលចូលប្រឡងគឺមិនត្រូវភ្លេចជាដាច់ខាត»។

កញ្ញា ពាន គីមតាវ

គន្លឹះទាំងនេះ អាចនឹងជាជំនួយ ផ្នែកចំណេះដឹង និងបទពិសោធន៍បន្ថែម សម្រាប់យុវសិស្សដែលមានបំណងប្រឡងចូលសិក្សាជំនាញវេជ្ជសាស្ត្រ និងសុខាភិបាល។  យ៉ាងណាមិញ ក៏ត្រូវរួមផ្សំជាមួយនឹងការខំប្រឹងប្រែងអនុវត្តជាប្រចាំ ចំណេះដឹង និងភាពប៉ិនប្រសប់នៃគំនិតប្រាជ្ញាផ្ទាល់ខ្លួន ទើបអាចទទួលបានលទ្ធផលល្អ៕

កែសម្រួលដោយ៖ BRANDMEDIA