WHO បង្ហាញចក្ខុវិស័យក្នុងការពង្រឹងការផលិតថ្នាំ និងវ៉ាក់សាំងក្នុងស្រុក ខណៈ Omicron កំពុងវាយលុកជាថ្មី


ដោយ៖ ផាត់ គឹមឆែ

មេរោគបម្លែងថ្មី Omicron កំពុងវាតទីកាន់តែច្រើនលើប្រទេសនានា ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កឱ្យមានរលកឆ្លងដ៏ធំជុំវិញពិភពលោក ដែលថ្មីៗនេះ​ប្រទេសថៃ ក៏បានរកឃើញនូវករណីឆ្លងដំបូងលើពលរដ្ឋអាមេរិកម្នាក់ដែលបានចូលមកប្រទេសនេះ។ ភស្ដុតាងជាច្រើនបានបង្ហាញថា វីរុសបម្លែងថ្មី Omicron មានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័ស។ នេះជាកង្វល់ថ្មីមួយ ដែលពិភពលោកកំពុងព្រួយបារម្ភ លើការឆ្លងរាលដាលជាថ្មី បន្ទាប់ពីរលកវីរុស Delta ហាក់ស្ងប់បន្តិច។

តាមការលើកឡើងរបស់អគ្គនាយក WHO នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ USAID ស្ដីពីកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ​នេះ បានឱ្យដឹងថា ថ្ងៃពុធនេះ គឺជាថ្ងៃខួបមួយឆ្នាំ ចាប់តាំងពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងត្រូវបានដំណើរការ។ កាលពីមួយឆ្នាំមុន យើងទាំងអស់គ្នាសង្ឃឹមថា មកដល់ពេលនេះ វ៉ាក់សាំងនឹងជួយយើងទាំងអស់គ្នា ឱ្យរួចផុតពីការប្រយុទ្ធជាមួយជំងឺឆ្លងដ៏វែងឆ្ងាយនេះ ប៉ុន្តែពេលនេះ មានវីរុសបម្លែងថ្មី Omicron បង្ហាញខ្លួន រាតត្បាតជាថ្មី។ ទាំងនេះអាចបណ្ដាលមកពីភាពមិនជាប់លាប់នៃវ៉ាក់សាំង បានអនុញ្ញាតឱ្យរឿងនេះ កើតឡើង។

ការលេចឡើងរបស់ Omicron បង្ហាញពីតម្រូវការក្នុងការបង្កើនលទ្ធភាពក្នុងការផលិតថ្នាំ និងវ៉ាក់សាំងប្រឆាំងមេរោគថ្មីនេះ។ ហើយចក្ខុវិស័យរបស់ WHO គឺត្រូវពង្រឹងការផលិតថ្នាំ និងវ៉ាក់សាំងក្នុងស្រុក ដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និងអាចព្យាករបាននៃផលិតផលដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។

ថ្មីៗនេះ WHO ក៏ដូចជាដៃគូនានា បានបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា mRNA នៅអាហ្វ្រិកខាងត្បូង ដើម្បីបង្កើនការផលិតវ៉ាក់សាំងនៅលើទ្វីបនេះ ហើយផ្ដល់ការគាំទ្រដល់ទីភ្នាក់ងារឱសថស្ថានអាហ្វ្រិកផងដែរ ដើម្បីធានាបាននូវសមត្ថភាពគ្រប់គ្រងដ៏រឹងមាំ និងដើម្បីកសាងអនាគត ឱ្យប្រជាជនទាំងអស់មានសុខភាពល្អ និងមានសុខសុវត្ថិភាពជាងមុន៕

កែសម្រួលដោយ៖ BRANDMEDIA