ក្រុមនិស្សិតគម្រោង Re-Five បង្កើតយុទ្ធនាការ៦០ថ្ងៃ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក


ដោយ៖ សៅ ដាឡែន

ភ្នំពេញ៖ ក្រុមនិស្សិតគម្រោង​ Re-Five បានប្រកាសអំពីយុទ្ធនាការ​ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ»​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដើម្បីចូលរួមលើកកម្ពស់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ។ រាល់អតិថិជនទាំងអស់ នឹងទទួលបានការបញ្ជុះតម្លៃពី 10% រហូតដល់ 50% ពីហាងដែលជាដៃគូក្នុងយុទ្ធនាការនេះ ដោយគ្រាន់តែយកដបទឹកផ្ទាល់ខ្លួនមកទិញភេសជ្ជៈ ជំនួសឲ្យការប្រើប្រាស់កែវនិងថង់ប្លាស្ទិក។

លោក នូ វិរៈ ជាអ្នកសម្របសម្រួលគម្រោងបានឲ្យដឹងថា ៖ « យុទ្ធនាការនេះត្រូវបានបង្កើតឡើងដោយឈរលើគោលដៅធំៗចំនួនពីរ។ ទីមួយ ផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមួយដងបោះចោល។ ទីពីរ លើកទឹកចិត្តដល់ហាងលក់ភេសជ្ជៈ និងភោជនីយដ្ឋាន ឲ្យមានការបញ្ចុះតម្លៃជូនរាល់អតិថិជនដែលប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ឬដបទឹកប្រើប្រាស់ឡើងវិញបាន សម្រាប់ការវេចខ្ចប់អាហារ និងភេសជ្ជៈទាំងនោះ»។ លោកបានបន្ថែមថា «បច្ចុប្បន្ននេះមានហាងប្រមាណ ២០ នៅក្នុងរាជធានីភ្នំពេញបានចូលរួមក្នុងយុទ្ធនាការនេះ និងមានហាងភេសជ្ជៈធំៗចូលរួមជាបន្តបន្ទាប់ផងដែរ»។

អតិថិជន អាចស្វែងរកហាងលក់ភេសជ្ជៈដែលជាដៃគូសហការរបស់យុទ្ធនាការ តាមរយៈស្លាកកំណត់សម្គាល់នៃយុទ្ធនាការ ឬស្វែងរកទីតាំងហាងដែលនៅជិតបំផុតតាមរយៈផែនទីនាំផ្លូវក្នុងវេបសាយ www.refivecambodia.com ។ យុទ្ធនាការ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ក៏មានការរៀបចំសកម្មភាពផ្សព្វផ្សាយបន្ថែមទៀតដូចជា ការផលិតវីដេអូអប់រំ  ផ្ទាំងផ្សព្វផ្សាយឌីជីថល (Digital Poster) កម្មវិធីប្រកួតប្រជែងថតរូប (photo competition) និងកម្មវិធីចាប់រង្វាន់ (giveaway) នៅលើបណ្ដាញសង្គមដូចជា ហ្វេសប៊ុក យូធូប Instagram និង Tik Tok ជាដើម។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ជាយុទ្ធនាការគាំទ្រដល់គម្រោង «សំណល់ប្លាស្ទិកក្នុងសមុទ្រ» ក្រោមការគាំទ្រពី ក្រសួងបរិស្ថា​ន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គការយូអិនឌីភីប្រចាំកម្ពុជា។ Re-Five គឺជាគម្រោងឌីជីថលដែលផ្តួចផ្តើមដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធមិនប្រើប្រាស់, កាត់បន្ថយ, ប្រើប្រាស់ឡើងវិញ, រំឭកឡើងវិញ និងកែច្នៃ)៕

កែសម្រួលដោយ៖ BRANDMEDIA