បុណ្យអុំទូក៣ថ្ងៃបង្ហាញពីដំណើរការឡើងវិញនៃចរន្តសេដ្ឋកិច្ច ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន


ដោយ៖ ផាត់ គឹមឆែ

រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក នៅតាមរមណីយដ្ឋាន ក៏ដូចជាកន្លែងកំសាន្តនៅតាមបណ្ដាខេត្តក្រុងនានា​ មានភាពអ៊ូអរ ដោយចរាចរណ៍នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកំសាន្តនាពេលឈប់សម្រាកនេះ។ ទោះបីជាពុំមានការរៀបចំការប្រណាំងទូកថ្នាក់ជាតិក៏ដោយ ក៏ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចេញដើរកំសាន្តយ៉ាងច្រើនកុះករផងដែរ។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បានបង្ហាញថា រយះពេល៣ថ្ងៃនៃបុណ្យអុំទូក មានភ្ញៀវទេសចរណ៍បានដើរកំសាន្តប្រមាណជាង៩០ម៉ឺននាក់។ តំបន់កម្សាន្តសំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង  ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តកណ្ដាល ខេត្តរតនគិរីជាដើម។

យោងតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការកត់សម្គាល់ថា «ចំនួនភ្ញៀវទេសចរក្នុងរយៈពេល៣ថ្ងៃនេះ មានចំនួនលើសពីការរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខខាងលើមានការកើនឡើង៥៤.៣៤% បើធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២០។ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ ក៏ដោយសារបានមកពីការអនុញ្ញាតិរបស់រាជរដ្ឋាភិបាលក្នុងការបើកដំណើរការ និងជំរុញទេសចរណ៍ផ្ទៃក្នុងឡើងវិញ ទៅតាមគោលដៅដែលមានការរៀបចំបានល្អ ក្នុងអំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាបអង្គរ និងក្រុងព្រះសីហនុ ដែលកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពបានស្រស់បំព្រង ដែលទាក់ទាញបានមកវិញនូវកំណើនទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេសក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី»។

កត្តាទាំងនេះសបញ្ជាក់នូវដំណើរត្រឡប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឱ្យចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញ និងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ ៣កុំ ៣ការពារក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំ ណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការ ក៏ទទួលបានការចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រឡប់ទៅរកភាពល្អប្រសើរជាបណ្ដើរៗ៕

កែសម្រួលដោយ៖ BRANDMEDIA