អបអរសាទរគម្រប់ខួបទី៦៨ នៃទិវាប្រកាសឯករាជ្យជាតិខ្មែរ


ដោយ៖ ផាត់ គឹមឆែ

ថ្ងៃទី៩ ខែវិច្ឆិកា ជាថ្ងៃដែលសិស្ស និស្សិត បុគ្គលិក មន្ត្រីរាជការ ប្រជាពលរដ្ឋទូទៅឈប់សម្រាកចំនួន១ថ្ងៃ  ដើម្បីជាការរំឭក និងអបអរសាទរ ដល់ថ្ងៃដែលកម្ពុជាបានរំដោះខ្លួនប្រកាសឯករាជ្យជាតិពេញលេញ ពីនឹមត្រួតត្រារបស់អាណាណិគមបារាំង។

ប្រទេសកម្ពុជារួមទាំងប្រទេសឥណ្ឌូចិន ធ្លាប់ធ្លាក់ក្រោមអាណានិគមបារាំងអស់រយៈពេលជាច្រើនទសវត្ស ពោលគឺជិត១សតវត្ស ដែលដើមឡើយក្រោមទម្រង់ជាអាណាព្យាបាលចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។ ក្រោយមកកម្ពុជាធ្លាក់ក្រោមការគ្រប់គ្រងរបស់បារាំងទាំងស្រុង អំណាចនានា រួមទាំងកិច្ចការប្រទេសជាតិ ភាគច្រើនគឺស្ថិតនៅលើមេទ័ពធំៗរបស់បារាំង។

បារាំងដែលជាប្រទេសមហាអំណាច បានចូលមកកម្ពុជាលើកនេះ គឺព្រោះតែសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើនអំឡុងពេលបារាំងគ្រប់គ្រងលើដែនដីកូសាំងស៊ីន។ នៅលើទឹកដីខ្មែរ បារាំងបានប្រើអំណាចធំធេងគាបសង្កត់ ទាំងសិទ្ធិសេរីភាព បញ្ហាពន្ធដារ ចង់លុបបំបាត់អក្សរសាស្ត្រដោយ​បង្ខំឱ្យកូនខ្មែររៀនភាសាបារាំង រួមទាំងគ្រប់គ្រងលើនយោបាយក្នុងប្រទេស បារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងបរទេស និងពាណិជ្ជកម្ម និងផ្នែកយោធារបស់កម្ពុជាដែរ។

ក្រោមនឹមត្រួតត្រារបស់បារាំង ​ធ្វើឱ្យរាស្ត្រខ្មែររងទុក្ខវេទនា ទើបសម្ដេចព្រះវររាជបិតាជាតិខ្មែរ ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គចាប់ផ្ដើមចលនាតស៊ូដ៏ឈ្លាសវៃ គឺការតស៊ូតាមផ្លូវទូត ចៀសវាងសង្គ្រាមបង្អូរឈាមគ្នា ដែលបង្កការលំបាកដល់ប្រជាជន ក្នុងនោះក៏មានការជួយគាំទ្រពីសហការី និងឥស្សរជនស្នេហាជាតិផ្សេងទៀត។ ព្រះអង្គបានធ្វើព្រះរាជសកម្មភាពយ៉ាងស្វិតស្វាញក្នុងការតស៊ូទាមទារឯករាជ្យ ដោយទាមទារឱ្យបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងនៅឆ្នាំ១៨៨៤ ព្រមទាំងបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញា​ឯករាជ្យ ដែលបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់កម្ពុជា។ ទន្ទឹមនឹងនេះ គឺមានការធ្វើសេចក្ដីថ្លែងការណ៍ ដែលបង្ហាញពីជំហរដ៏រឹងមាំក្នុងស្មារតីទាមទារឯករាជ្យ និងអធិបតីភាពនេះ រហូតឈានដល់ការចរចារមួយស្ដីអំពីឯករាជ្យជាតិកម្ពុជា។

ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ទើបកម្ពុជាទទួលបានឯករាជ្យជាតិពេញលេញ ព្រមទាំងសិទ្ធិសេរីភាព អំណាចនានាឡើងវិញ។ អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ត្រូវបានប្រសិទ្ធនាមថា ព្រះបិតាឯករាជ្យជាតិខ្មែរ ដោយព្រះអង្គជាតួអង្គដ៏សំខាន់ក្នុងចលនា​​​តស៊ូ និងព្រះរាជបូជនីយកិច្ចដឹកនាំយ៉ាងក្លៀវក្លារបស់ព្រះអង្គ ក្នុ​ងការទាមទារ​ឯករាជ្យ អធិបតីភាព និងបូរណភាពជូនជាតិខ្មែរ។​ ក្រោមស្មារតីដឹកនាំ តស៊ូ ដែលសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនេះ។ ស្នាព្រះហស្ថរបស់ព្រះអង្គមានតម្លៃណាស់សម្រាប់ជាតិខ្មែរទាំងមូល ព្រមទាំងទទួលបានការសាទរ និងប្រារព្ធពិធីរំឭកជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែវិច្ឆិកា៕

កែសម្រួលដោយ៖ BRANDMEDIA