«បន្តិចទៀតកាតវ៉ាក់សាំង នឹងមានតម្លៃជាងអត្តសញ្ញាណបណ្ណទៅទៀត»


ដោយ៖ ផាត់ គឹមឆែ

នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ជាការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារអាយុ៥ឆ្នាំ។​ កន្លងមក យុទ្ធនាការចាក់វ៉ាកសាំងទាំងដូសទី១ ដូសទី២ សម្រាប់មនុស្សពេញវ័យបានសម្រេចតាមគោលដៅ ការចាក់ដូសទី៣ សម្រាប់កុមារ៦ឆ្នាំ ដល់១២ឆ្នាំ ១២ឆ្នាំដល់១៨ឆ្នាំក៏សម្រេចបានលទ្ធផលល្អដោយរលូន។​ ដោយគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចមកហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ លទ្ធផលបែបនេះ មិនមែនជាការលេងសើចទេ សម្រាប់ប្រទេសក្រីក្រមួយ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាមរយៈប្រសិទ្ធភាពរនៃវ៉ាក់សាំង ត្រូវបានគេឱ្យតម្លៃជាសាកលក្នុងការបង្កើតភាពស៊ាំក្នុងសហគមន៍។ យោងតាមការប្រមើលមើលរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ទូទាំងប្រទេស និងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារអាយុ៥ឆ្នាំ បានមានប្រសាសន៍ថា «កាតវ៉ាក់សាំង បន្តិចទៀតនឹងមានតម្លៃជាងអត្តសញ្ញាណបណ្ណទៅទៀត» ពីព្រោះបានបង្ហាញថា យើងបានទទួលភាពស៊ាំការពារបានរួចរាល់ ការធ្វើដំណើរទៅណាមកណា តាមហាងជាដើម ត្រូវមានកាតវ៉ាក់សាំងទើបគេឱ្យចូល ឬក្នុងវិស័យការងារគេទាមទាររកកាតវ៉ាក់សាំងជាចាំបាច់ទើបអាចចូលធ្វើការបាន។ ជាក់ស្ដែង នៅប្រទេសលោកសេរី សហរដ្ឋអាមេរិក បានអនុវត្តវិធានការនេះ គេឱ្យតម្លៃលើកាតចាក់វ៉ាក់សាំង ដូចជាការទៅណាមកណា និងកងទ័ពជើងទឹកជាដើមដែលតម្រូវឱ្យចាក់វ៉ាក់សាំងទើបអាចបន្តការងារបាន។

រហូតមកដល់ពេលនេះ យើងបានធ្វើការងារយ៉ាងច្រើន ជាមួយនឹងការលំបាកក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទូទៅ ។ គួរឱ្យដឹងផងដែរថា សព្វថ្ងៃនេះ យើងកំពុងស្ថិតក្នុងដំណាក់កាលបន្តពីព្រឹត្តិការណ៍២០កុម្ភៈ។ បើគិតត្រលប់ទៅវិញ ព្រឹត្តិការណ៍ ២០កុម្ភៈបាននាំឱ្យមានការឆ្លងជាគំហក់  ក្នុងនោះតួលេខនៃការស្លាប់ផ្ដើមពីសូន្យនាក់រហូតដល់២៧៨៨នាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺឆ្លងដ៏សាហាវមួយនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនាព្រឹកនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងដំណាក់កាលនោះ យើងបានស្ថិតនៅមាត់ជ្រោះមរណៈ។ ក្នុងន័យនេះ ជាការដ៏ពិបាកដែលរាជរដ្ឋាភិបាលព្យាយាមរកដំណោះស្រាយដ៏សមស្របណាមួយដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។ ស្ថានភាពនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការការពារនានា និងឈានដល់ដំណាក់កាលនៃការបិទខ្ទប់លើកដំបូងនៅរាជធានីភ្នំពេញ និងតាខ្មៅ។ ដំណាក់កាលបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង កំណត់ការបិទតាមគោលដៅនៅតាមកម្រិតនៃហានិភ័យ ការបង្កើតភាពស៊ាំដោយការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជូនប្រជាពលរដ្ឋ ព្រមទាំងការទទួលខុសត្រូវថ្លៃទឹក ភ្លើង ចំពោះគ្រួសារដែលគ្មានលទ្ធភាព។

ដូច្នេះ នេះមិនមែនជារឿងងាយនោះទេ ដែលយើងអាចឆ្លងមកដល់ដំណាក់កាលនេះ។ ឆ្លៀតក្នុងឱកាសនេះ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានរំលេចសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដែលកន្លងមកប្រជាពលរដ្ឋយើងសម្ដែងការជឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចូលរួមចាក់វ៉ាក់សាំងយ៉ាងសកម្ម ព្រមទាំងការយោគយល់ អត់ធ្មត់ អនុវត្តតាមវិធានការណែនាំ ទោះបីវិធានការខ្លះមិនស្របតាមការចូលចិត្តរបស់ពួកគាត់ក៏ដោយ។

កែសម្រួលដោយ៖ BRANDMEDIA