|

សម្ដេច ហ៊ុន សែន៖ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង»


ដោយ៖ ផាត់ គឹមឆែ

ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកនៃអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០២១ នេះ កម្ពុជាបានទទួលសិទ្ធិជាប្រធានបន្តវេននៃអាស៊ានចំនួន២លើករួចមកហើយ លើកទី១ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០០២ លើកទី២ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ ។

ដោយឡែក នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះជាថ្ងៃបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំពាក់ព័ន្ធនឹងពិធីប្រគល់តំណែងប្រធានអាស៊ានជូនកម្ពុជាសម្រាប់ឆ្នាំ២០២២  និងជាលើកទី៣ សម្រាប់កម្ពុជា។ ក្នុងឱកាសនេះ កម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការដឹកនាំអាស៊ានឆ្ពោះទៅរកការអភិវឌ្ឍលើអាទិភាពសំខាន់ៗចំនួន ៤គឺ សសរស្ដម្ភនយោបាយនិងសន្តិសុខ សសរស្ដម្ភសេដ្ឋកិច្ច សសរស្ដម្ភសង្គម វប្បធម៌ និងសសរស្ដម្ភមួយទៀត គឺការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជន។

នេះជាកិត្តិយស និងជាមុខមាត់របស់កម្ពុជា ក្នុងការរួមចំណែកកំណត់ភាពជោគជ័យ និងផ្លែផ្កាសម្រាប់អាស៊ានទាំងមូល ដោយឈរលើស្មារតីស្នូលរបស់អាស៊ានគឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។ ទន្ទឹមនឹងនេះ យោងតាមរយៈសារបង្ហោះរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសបិទការប្រជុំលើកទី៣៨ និងទី៣៩ ជាមួយនឹងការទទួលជាប្រធានប្ដូរវេនអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីមួយរូប នេះជាលើកទី៣ សម្រាប់សម្ដេច ដែលបានកាន់ញញួរប្រធានអាស៊ាន។

ជាលើកទី៣ សម្រាប់កម្ពុជាជាប្រធានអាស៊ាន ក៏ជាលើកទី៣ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកាន់ញញួរប្រធានអាស៊ានផងដែរ ដើម្បីបំពេញភារកិច្ច​ ជួយយឹតយោង ស្ដារសេដ្ឋកិច្ចអាស៊ានបន្ទាប់ពីផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩ និងដឹកនាំអាស៊ានឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព និងប្រកបដោយយុទ្ធសាស្ត្រដ៏ឈ្លាសវៃ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក៏បានរំលេចសារថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្ររូបលោក ក្នុងការដឹកនាំកម្ពុជាទាំងមូល និងមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិតាមរយៈអាស៊ាន៕

កែសម្រួលដោយ៖ BRANDMEDIA