|

ឯកឧត្តម នួន ផារ័ត្ន បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់តាមបណ្ដាទីតាំងមួយចំនួន នៅជាយរាជធានីភ្នំពេញ


ដោយ៖ ផាត់ គឹមឆែ

ហានិភ័យនៃគ្រោះទឹកជំនន់ បាននឹងកំពុងគំរាមកំហែងដល់អាយុជីវិត ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កការលំបាកនៅតំបន់មួយចំនួននៅរាជធានីភ្នំពេញ រួមទាំងបណ្ដាខេត្តមួយចំនួន។ ការប្រឈមនឹងស្ថានភាពទឹកជំនន់នេះ  ថ្នាក់ដឹកនាំនៅតាមមូលដ្ឋាននីមួយៗ បានធ្វើសកម្មភាព និងអនុវត្តគោលការណ៍យកចិត្តទុកដាក់លើសុខទុក្ខប្រជាជន ដោយការចុះពិនិត្យដោយផ្ទាល់ និងសម្រួល ដាក់ចេញជាវិធានការសមស្របណាមួយ ដើម្បីដោះស្រាយបញ្ហាក្នុងស្ថានការណ៍នេះឱ្យបានទាន់ពេលវេលា។

ជាក់ស្ដែងនាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ មានការធ្លាយទំនប់សណ្ដស្ទឹងព្រែកត្នោត អាជ្ញាធរ រាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយបានប្រើប្រាស់មធ្យោបាយនានាដើម្បីទប់ទឹកដែលធ្លាយនេះ កុំឱ្យបង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋដែលនៅតំបន់នោះ។ ការអន្តរាគមរបស់អាជ្ញាធម៌រាជធានីភ្នំពេញ ធ្វើឱ្យស្ថានភាពទឹកនេះ អាចគ្រប់គ្រងបានប្រមាណ៨០% ហើយបើគិតមកដល់ម៉ោងនេះ។

តាមរយៈការបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា «អភិបាលរាជធានីភ្នំពេញ នឹងបន្តចូលរួមសហការជាមួយនឹងក្រុមការងារជំនាញ​ របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីខិតខំស្ដារឡើងវិញ ចំពោះស្ថានភាពមិនល្អនៃទំបន់សណ្ដស្ទឹងត្រង់ ចំណុចសង្កាត់ទៀង ដែលត្រូវបានធ្លាយកាលពីយប់ម្សិលមិញ»។

គួររំលឹកផងដែរថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលរាជធានី ថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានីគ្រប់ៗរូប តែងបានចំណាយពេលចុះពិនិត្យដោយផ្ទាល់ទៅលើមូលដ្ឋានដែលរងគ្រោះ ឬមានការគំរាមកំហែងពីគ្រោះធម្មជាតិ។ ទន្ទឹមនឹងនេះ អាជ្ញាធរតែងបានអនុវត្តភារកិច្ចចម្បង ផ្ដល់ការយកចិត្តទុកដាក់ ការរក្សាការពារ និងជួយសង្រ្គោះអាយុជីវិត របស់ពលរដ្ឋក្នុងមូលដ្ឋាន

រួមទាំងការផ្ដល់ដំណឹង អំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុខសុវត្តិភាពផ្ទាល់ខ្លួនចំពោះស្ថានភាពមិនល្អនារដូវកាលទឹកជំនន់ ។

កែសម្រួលដោយ៖ BRANDMEDIA