«ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល កំពុងនាំមកនូវកាលានុវត្តភាពយ៉ាងច្រើន»


ដោយ៖ ផាត់ គឹមឆែ

តើសេដ្ឋកិច្ចឌីជីថលជាអ្វី? «សេដ្ឋកិច្ចឌីជីថល សំដៅលើសកម្មភាពសេដ្ឋកិច្ចដ៏ធំទូលាយ ដោយប្រើប្រាស់ព័ត៌មានឌីជីថល និងចំណេះដឹងជាកត្តាសំខាន់នៃផលិតកម្ម។ ក្រោមលក្ខខណ្ឌនៃការរីកច្រើនប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងយុគសម័យទំនើបនេះ វាបានដើរតួនាទីយ៉ាងសំខាន់ដែលជំរុញឲ្យមានការច្នៃប្រតិដ្ឋ ឱកាសការងារ និងកំណើនសេដ្ឋកិច្ចជាតិមួយ ពិសេសគឺបណ្ដាប្រទេសសមាជិកអាស៊ាន។

ជាក់ស្ដែង ក្នុងឱកាសនៃការថ្លែងក្នុងពិធីបិទកំពូលធុរៈកិច្ចនិងវិនិយោគអាស៊ាន ក្រោមប្រធានបទ «កសាងអនាគតឌីជីថល ប្រកបដោយអនាគតរបស់យើង» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលេចពីតួនាទីសំខាន់សេដ្ឋកិច្ចឌីជីថលថា ជាភាពចាំបាច់សម្រាប់អាស៊ានក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

«ការវិវត្ត រីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថលបានផ្ដល់នូវកំណើនសេដ្ឋកិច្ចថ្មី និងបង្កើនផលិតភាពសេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ក្នុងការអភិវឌ្ឍតំបន់អាស៊ាន ត្រូវផ្ដោតជាសំខាន់ក្នុងការជំរុញការធ្វើបដិវត្តកម្មឌីជីថលសង្គមសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់សេដ្ឋកិច្ច តាមរយៈការរៀបចំអភិបាលកិច្ចរួម សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយរាប់បញ្ចូលទាំងការកំណត់ស្ដង់ដា បទបញ្ញត្តិ​ឯកជនភាព ការចែករំលែកទិន្នន័យ និងការតភ្ជាប់ឌីជីថល ដោយផ្ដោតទៅលើការអនុវត្តផែនការឌីជីថលអាស៊ានឆ្នាំ២០២៥ ព្រមទាំងគំនិតផ្ដួចផ្ដើមពាក់ព័ន្ធដទៃទៀត។

ទន្ទឹមនឹងនេះ ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសាកល ក៏ជាកិច្ចការអាទិភាពបំផុតមួយផងដែរ ក្នុងការជំរុញការស្ដារ និងជំរុញសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។ អាស៊ានត្រូវបន្តប្រកាន់ខ្ជាប់អភិក្រមពហុភាគីនិយម ពង្រឹងសាកលភាវូបនីយកម្ម និងខិតខំជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យកាន់តែស្អិតរមួត រវាងសរសៃឈាមសង្គម និងជីវភាពសេដ្ឋកិច្ច។ ក្នុងនោះយើងក៏ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការសំខាន់ៗរួមមាន ការជំរុញ ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគឱ្យកាន់តែពេញលេញ និងស៊ីជម្រៅ។ ការសម្រួលការធ្វើដំណើរឆ្លងដែនឡើងវិញប្រកបដោយសុវត្តិភាព។ ការបង្កើនសមត្ថភាពមីក្រូសហគ្រាស សហគ្រាសធំ តូច និងមធ្យមជាដើម»។

យោងតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសុន្ទរកថានាឱកាសដ៏ពិសេសនេះ បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងបានបង្អាក់ដល់ការអភិវឌ្ឍអាស៊ានជារួមផងដែរ។ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២សេដ្ឋកិច្ចសកលត្រូវបានរំពឹងថានឹងងើបឡើងវិញ ដែលទ្រទ្រង់ដោយការកើនឡើងនូវទំហំពាណិជ្ជកម្ម ទំនិញ ខណៈពាណិជ្ជកម្មសេវាកម្មក៏មានសម្ទុះ ដែលជំរុញគោលនយោបាយស្ដារឡើងវិញនូវសង្គមសេដ្ឋកិច្ច។ ក្នុងនោះ ដើម្បីជាកិច្ចការកែទម្រង់ក្នុងទម្រង់ថ្នាក់ជាតិ និងតំបន់​ អាស៊ានបានដាក់ចេញនិងអនុវត្តនូវគំនិតផ្ដួចផ្ដើម និងក្របខណ្ឌសំខាន់ៗ ដែលក្នុងនោះមានការធ្វើបដិវត្តកម្មឌីជីថលអាស៊ាន ដែលជាគោលនយោបាយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចអាស៊ានទាំងមូល។


កែសម្រួលដោយ៖ BRANDMEDIA