ដំណឹងល្អ! កម្ពុជាប្រកាសបើកទ្វារស្វាគមន៍ទេសចរអន្តរជាតិក្រោមទម្រង់ជាទេសចរណ៍វ៉ាក់សាំង


ដោយ៖ ផាត់ គឹមឆែ

បន្ទាប់ពីទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ជាងពីរឆ្នាំមកនេះ ទីបំផុតកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។

នេះជាជំហានដំបូង នៃការប្រកាសបើកវិស័យទេសចរណ៍ជាផ្លូវការ ក្រោយពេលរលកនៃការឆ្លងហាក់មានការថមថយ និងស្ថិតក្នុងសភាពការណ៍អាចគ្រប់គ្រងបាន។ កន្លងមករាជរដ្ឋាភិបាលបានដំណើរការសាកល្បងដ៏ធំមុននឹងបើកឱ្យមានដំណើរការវិស័យទេសចរណ៍ ហើយលទ្ធផលគឺស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន ដោយសារយុទ្ធសាស្ត្រដ៏ឈ្លាសវៃ និងមធ្យោបាយដ៏សមស្របនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងប្រទេស ទើបធ្វើឱ្យយើងមានលទ្ធភាពក្នុងការចាប់ផ្ដើមអ្វីៗឱ្យវិលមករកសភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់។

ថ្មីៗនេះ ដោយយោងទៅតាមសេចក្ដីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជា ប្រកាសបើកទទួលទេចរណ៍វ៉ាក់សាំង ដែលការបើកទទួលទេសចរវ៉ាក់សាំងនេះ គឺផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះកុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ បន្ទាប់មកនឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍អន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្តិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ»។

យើងសង្កេតឃើញថា ទេសចរណ៍វ៉ាក់សាំងនេះបានចាប់ផ្ដើមបើកដំណើរការនៅតំបន់ដែលសុទ្ធសឹងជា ខេត្តដែលមានសក្តានុពលទេចរណ៍ខ្លាំង ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ។ ជំហានដំបូងនេះ ត្រូវបានរំពឹងថា មិនត្រឹមតែជាការចាប់ផ្ដើមលើវិស័យទេសចរណ៍តែប៉ុណ្ណោះទេ ទន្ទឹមនឹងនេះ ក៏ជាជំហានមួយ នៃការស្ដារប្រទេសឡើងវិញលើគ្រប់វិស័យក្នុងគោលដៅជួយស្រោចស្រង់ និងស្ដារសេដ្ឋកិច្ចឡើងវិញ តាមរយៈការចាប់ផ្ដើមរកចំណូលជូនជាតិនៃវិស័យនានា៕


កែសម្រួលដោយ៖ BRANDMEDIA