|

អបអរសាទរខួប៣០ឆ្នាំនៃសន្ធិសញ្ញាទីក្រុងប៉ារីស និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា


ដោយ៖ ផាត់ គឹមឆែ

រំឭកទៅកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាថ្ងៃដែលរដ្ឋាភិបាលចំនួន១៩ប្រទេស បានជួបជុំគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងគោលបណងបញ្ចប់ជម្លោះបង្ហូរឈាមនៅកម្ពុជា។ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះជាថ្ងៃគម្រប់ខួប៣០ឆ្នាំនៃសន្ធិសញ្ញាទីក្រុងប៉ារីស ជាជំហានក្នុងការដឹកនាំកម្ពុជាចេញពីភ្នក់ភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្ស។

សមិទ្ធផលដែលសម្រេចបានក្នុងកិច្ចចរចាសន្ធិភាពទីក្រុងប៉ារីសមានច្រើនចំណុច ក្នុងនោះសមិទ្ធផលសំខាន់ៗគឺ បាននាំឲ្យកម្ពុជាបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ ដេញពួកបរទេសឈ្លានពាលពីទឹកដីខ្មែរ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។ ទន្ទឹមនឹងនេះ កម្ពុជាសម្រេចបានការរៀបចំការបោះឆ្នោតជាសកលតាមបែបប្រជាធិបតេយ្យ ដើម្បីមានការកសាង ដឹកនាំ និងស្ដារប្រទេសជាតិឡើងវិញ​ក្រោយពីការលិចលង់ក្នុងភ្លើងសង្រ្គាមជាច្រើនទសវត្ស។

រយៈពេល៣០ឆ្នាំនៃសន្ធិសញ្ញាទីក្រុងប៉ារីស នាំឲ្យកម្ពុជាបានស្គាល់នូវសន្តិភាព ស្ថេរភាព ឯករាជ្យជាតិពេញលេញ ដោយគួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងនយោបាយគ្រប់គ្រងស្រុកទេស ការពារបូរណភាពទឹកដី និងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឲ្យរីកចម្រើនក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិទាំងមូលប្រកបដោយចីរភាពស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយ។

យោងតាម United Nations Human Rights បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែដាក់ចេញនូវដំណើរការបញ្ចប់ជម្លោះតែប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ការកសាងប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យចំពោះសិទ្ធិមនុស្សនិងនីតិរដ្ឋ។ យ៉ាងណាមិញកិច្ចព្រមព្រៀងនេះ បានបន្តតាមដានស្ថានភាពស្រុកទេស​នៅក្នុងលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ។ បន្ទាប់ពីការបោះឆ្នោតជាសកលនៅកម្ពុជាឆ្នាំ១៩៩៣ អង្គការសហប្រជាជាតិបានបង្កើតការិយាល័យនៅកម្ពុជា ដោយផ្អែកលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ ចាប់តាំងពីពេលនោះមក ការិយាល័យសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើសកម្មភាពយ៉ាងសកម្មលើបញ្ហាសិទ្ធជាច្រើន។ ក្រោមលក្ខខណ្ឌទាំងនេះ យើងបានសន្និដ្ឋាននិងចងចាំសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថា ជាដំណោះស្រាយដោយសន្តិវិធីមួយដ៏មានអត្ថន័យសម្រាប់កម្ពុជា សម្រេចបានក្រោមរូបភាពនៃសាមគ្គីភាពនិងការអភិវឌ្ឍ។

គួររំឭកផងដែរថា ប្រទេសទាំង១៩ដែលបានចូលរួមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានដូចជាកម្ពុជា កាណាដា ចិន យូហ្គោស្លារី សូវៀត សហរដ្ឋអាមេរិក ជប៉ុន អូសាស្ត្រ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បារាំង ហ្វីលីពីន អង់គ្លេស ឡាវ សិង្ហបុរី  ប៊្រុយណេ ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងវត្តមានរបស់អគ្គលេខាធិកាអង្គការសហប្រជាជាតិ និងតំណាងចលនា មិនចូលបក្សសម្ព័ន្ធផងដែរ៕

កែសម្រួលដោយ៖ BRANDMEDIA