ត្រៀមខ្លួនហើយឬនៅ? ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ការអប់រំគ្រប់កម្រិតនឹងប្រព្រឹត្តិទៅតាមគន្លងប្រក្រតីភាពថ្មី!
ដោយ៖ ផាត់ គឹមឆែ
បន្ទាប់ពីការបើកសាកល្បងលើវិស័យសេវាកម្ម កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ និន្នាការនៃការឆ្លងហាក់មានការធ្លាក់ចុះ និងស្ថិតក្នុងកម្រិតមួយអាចគ្រប់គ្រងបាន។ ដោយឡែកថ្មីៗនេះ យើងក្រឡេកទៅមើលវិស័យអប់រំវិញ ក្រោយពីការវាយតម្លៃលើដំណើរការបង្រៀននិងរៀនតាមគ្រឹះស្ថានសិក្សាសាធារណៈ រួមទាំងឯកជនក្នុងភូមិសាស្ត្រដែលមានហានិភ័យនៃការឆ្លងទាប ក្រសួងអប់រំ យុវជន និងកីឡាមានលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃវិស័យអប់រំរួមមានការបង្រៀននិងរៀន តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា ពេលកន្លងទៅគ្រឹះស្ថានសិក្សាប្រមាណ៣០% បានចាប់បើកដំណើរការគ្រប់រូបភាព ស្របតាមសេចក្ដីណែនាំរួមទាំងមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាពនិងប្រុងប្រយ័ត្ន។ ដោយក្នុងនោះ អាណាព្យាបាល មាតាបិតា គ្រូបង្រៀន និងសិស្សានុសិស្សបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងអត្រាខ្ពស់។
អាស្រ័យលើស្ថានភាពនេះ ក្រសួងអប់រំ យុវជន និងកីឡា ដោយយោងទៅតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានចំណេះទូទៅគ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅតាមស្រុកក្រុងខណ្ឌដែលជំងឺកូវីដ-១៩អាចគ្រប់គ្រងបាន។ ទាក់ទងនឹងការដំណើរការឡើងវិញនេះ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវកំណត់ដោយរូបភាពនៃការបង្រៀន និងរៀនតាមបណ្ដុំ១៥ទៅ២០នាក់ និងផ្លាស់វេនបន្តអនុវត្តនូវគម្លាតសុវត្ថិភាព រួមទាំងការអនុវត្តវិធានការសុខាភិបាលជាចាំបាច់។
នេះជាដំណឹងល្អមួយសម្រាប់សិស្សានុសិស្សគ្រប់រូប ដើម្បីបន្តការសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក៏ចាត់ទុកថាជាស្ថានភាពមួយដ៏ប្រសើរសម្រាប់ការបើកដំណើរការបន្តិចម្ដងៗលើវិស័យនានារបស់កម្ពុជាជាបន្តបន្ទាប់ រហូតដល់សេដ្ឋកិច្ចសង្គមទាំងមូលឈានទៅរកស្ថានភាពប្រក្រតីឡើងវិញ៕
កែសម្រួលដោយ៖ BRANDMEDIA