«យើងចាប់ផ្ដើមបើកវិស័យសេវាកម្មមួយទៀត ដើម្បីឈានដល់ការបើកប្រទេសលើគ្រប់វិស័យ»


ដោយ៖​ ផាត់ គឹមឆែ

កាលពីពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅ រាជរដ្ឋាភិបាលបានបើកឲ្យប្រជាជនមានការដើរកម្សាន្តតាមរមណីយដ្ឋាន និងកន្លែងទេសចរណ៍នានាបានធម្មតា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលព្រមទាំងបានបញ្ជាក់ថា ការធ្វើបែបនេះ គឺជាការសាកល្បងដ៏ធំ ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងសម្រេចបានតាមគោលដៅ ហើយយើងក៏បានត្រៀមខ្លួនដើម្បីទទួលយកនូវហេតុការណ៍អាក្រក់ដែលកើតឡើងបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួចផងដែរ។

ដោយឡែក យោងតាមសារសំឡេងពិសេស របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ទៅ តួលេខនៃការឆ្លងមិនមានការកើនឡើងខុសពីធម្មតានោះទេ ចំពោះករណីស្លាប់ក៏នៅឋេរ ពោលគឺមាននិន្នាការថយចុះ។ ប៉ុន្តែហានិភ័យអាចកើតឡើងគ្រប់ពេល ដែលទាមទារឲ្យយើងបន្តសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ គឺជាដំណើរមួយខានមិនបាន ដ្បិតយើងមិនអាចដឹងថាវានឹងបញ្ចប់ទៅនៅពេលណា។

សម្ដេចបានបន្តថា យើងអាចបើកប្រទេសឡើងវិញ នៅពេលដែលវិស័យកសិកម្ម និងឧស្សាហកម្មដំណើរការបានល្អ វិស័យសេវាកម្មក៏អាចនឹងបើកឡើងដូចដែលយើងបានបើកសាកល្បងនៅក្នុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ ជាក់ស្ដែង កាលពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យនេះ មានប្រជាពលរដ្ឋដើរលេងប្រមាណ១៤ម៉ឺននាក់ដែលបានដើរកម្សាន្ត។ នេះជាការចាប់ផ្ដើមបើកវិស័យសេវាកម្ម ដើម្បីឈានទៅដល់ការបើកប្រទេសលើគ្រប់វិស័យ ក្នុងនោះមានវិស័យអប់រំជាអាទិភាព។

យ៉ាងណាមិញ ចំពោះការចាក់វ៉ាក់សាំងរបស់យើងវិញដំណើរការបានយ៉ាងល្អ បើគិតជាអត្រាគ្របដណ្ដប់មានរហូតដល់ជាង៨៥% នៃចំនួនប្រជាជន ដែលនាំឲ្យការឆ្លងមិនឈានទៅរកភាពធ្ងន់ធ្ងរនោះទេ។ អ្នកដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ភាគច្រើនគឺមានជំងឺជាប់ខ្លួនពីមុន ទើបធ្វើឲ្យពិបាកក្នុងការព្យាបាល។ មួយវិញទៀត អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនត្រូវបានរកឃើញថា ជាអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ។ ស្ថានភាពពេលនេះ បានសបញ្ជាក់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងពិតជាគ្រឹះដ៏រឹងមាំក្នុងការការពារអាយុជីវិតប្រជាជនកម្ពុជាទាំងមូល កាត់បន្ថយការឆ្លងនិងមិននាំទៅរកភាពធ្ងន់ធ្ងរ។ បន្ទាប់ពីវ៉ាក់សាំងដូសទី១ និងទី២ ឥឡូវនេះ យើងកំពុងត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣បន្តទៀត។