វិស័យទេសចរណ៍នឹងកាន់តែមានសក្ដានុពលក្រោយកម្ពុជាជាប់ចំណាត់ថ្នាក់កំពូល
ដោយ៖ ផាត់ គឹមឆែ
ជារឿងមួយដែលគួរសាទរនិងមានមោទកភាពបំផុតក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលថ្មីៗនេះតាមការបញ្ជាក់ពីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានភាពរួសរាយជាងគេក្នុងពិភពលោក។ លទ្ធផលនេះ បានមកពីការស្ទង់មតិពីអ្នកទេសចរណ៍នៅលើពិភពលោក ដោយវេបសាយអន្តរជាតិមួយឈ្មោះ Rough Guides ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញអំពីប្រទេសដែលរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក។
តាមរយៈការបោះឆ្នោតគាំទ្រនៅលើប្រព័ន្ធអ៊ីនធើណេត កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១ លេខ២ គឺប្រទេសហ្វីលីពីន លេខ៣ គឺប្រទេសឡាវ លេខ៤ គឺប្រទេសណេប៉ាល់ លេខ៥ គឺប្រទេសថៃ លេខ៦ គឺប្រទេសមីយ៉ាន់ម៉ា លេខ៧ គឺប្រទេសឥណ្ឌូណេស៊ី លេខ៨ គឺប្រទេសហ្វីជី លេខ៩ គឺប្រទេសស្កុតលែន និងលេខ១០ គឺប្រទេសស្រីលង្កា។
ទោះបីស្ថានភាពនៃជំងឺកូវីដ-១៩ បានរំខានដល់ប្រក្រតីភាពនៃវិស័យនានាដែលរួមទាំងវិស័យទេសចរណ៍មិនទាន់ដំណើរការល្អប្រសើរដូចដើមក៏ដោយ តែលទ្ធផលជាទីគាប់ចិត្តនេះ ត្រូវបានរំពឹងថានឹងបើកមុខមាត់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្បីល្បាញ និងទាក់ទាញបានភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោកកាន់តែច្រើន។ យ៉ាងណាមិញ នេះជាឱកាសរបស់កម្ពុជាក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយនេះកាន់តែទូលំទូលាយជាសកលនាពេលខាងមុខ ពេលដែលសង្គមសេដ្ឋកិច្ចនៃកម្ពុជាបើកដំណើរការ។
ប្រជាជនកម្ពុជាតាំងពីសម័យបុរាណកាលមក ជាជនជាតិមួយដែលចូលចិត្តជួយយកអាសារគ្នា រួសរាយរាក់ទាក់ ទឹកមុខញញឹមជានិច្ច ដូចប្រវត្តិសាស្ត្របានបង្ហាញដូច្នោះដែរ។ រហូតមកដល់បច្ចុប្បន្ន វប្បធម៌មួយនេះ នៅតែដក់ជាប់ក្នុងចិត្តគំនិត ស្មារតី និងផ្នត់គំនិតជនជាតិខ្មែរ ដែលនេះជាសីលធម៌ដ៏ល្អប្រពៃ និងជាមន្តស្នេហ៍ទាក់ទាញចិត្តអ្នកទេសចរទាំងជាតិនិងអន្តរជាតិជាប់ចិត្តចូលមកទស្សនាកម្សាន្តនៅតាមតំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ ដ៏សម្បូរបែបនៃដែនដីសុវណ្ណភូមិមួយនេះ។
កែសម្រួលដោយ៖ BRANDMEDIA