|

សម្ដេចហ៊ុនសែន៖ យើងបានប្រុងប្រៀបខ្លួនដើម្បីទទួលយកសភាពការណ៍អាក្រក់ដែលកើតមានឡើងបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួច


ដោយ៖ ផាត់ គឹមឆែ

ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នេះ ត្រូវជាថ្ងៃភ្ជុំបិណ្យដែលជាពិធីបុណ្យសាសនាដ៏ធំក្នុងប្រទេសកកម្ពុជាយើង ដែលប្រជាជនសម្ដែងការសាទរ និងធ្វើបុណ្យធ្វើទានទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្វីដ្បិតតែ មានការផ្អាកការកាន់បិណ្ឌក៏ដោយ តែនៅតែមិនអាចធានាការមិនជួបជុំគ្នារបស់ពលរដ្ឋបានទាំងស្រុងឡើយ។

ក្នុងអំឡុងពេលឈប់សម្រាករយ់ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងសង្កេតឃើញនៅតាមរមណីយដ្ឋាន កន្លែងកំសាន្តនានា ប្រជុំដោយមនុស្សកុះករទៅទស្សនាកំសាន្ត មានការជួបជុំគ្កនាចល័តពីទីកន្លែងមួយទៅទីកន្លែងមួយទៀត ដែលជាហេតុបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរលកនៃជំងឺកូវីដ-១៩ ម្ដងទៀត។ ជាក់ស្ដែងដូចករណី ប្រទេសឥណ្ឌាកាលពីពេលកន្លងទៅ បន្ទាប់ពីពិធីបុណ្យសាសនាបានបញ្ចប់ទៅ នាំឲ្យតួលេខនៃការឆ្លងហក់ឡើងខ្ពស់ និងមានករណីស្លាប់យ៉ាងច្រើន។

តាមរយៈការថ្លែងសារពិសេស របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ បានលើកឡើងថា «នេះជាការសាកល្បងធំណាស់សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងដូសជម្រុញថែមទៀត។ ជាមួយគ្នានេះ យើងនឹងតាមដានបន្តទៀត អំពីការសាកល្បងរបស់យើង ដែលមិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ក៏ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់មួយរយភាគរយ ថាគ្មានបញ្ហានោះដែរ»។

សម្ដេច បានបញ្ជាក់ថា យើងបានប្រុងប្រៀបខ្លួនដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ដែលអាចកើតមានឡើងសម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជនរបស់យើង។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្ដែងការសំណូមពរចំពោះព្រះសង្ឃ រួមទាំងបងប្អូនដែលបានធ្វើដំណើរទៅកាន់កន្លែងទេសចរណ៍នានា បង្កើនការប្រុងប្រយ័ត្ន ព្រោះនេះជាចំណុចនៃការសាកល្បងដើម្បីឲ្យដឹងថាតើ បន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយ យើងមានជំងឺឆ្លងធ្ងន់ធ្ងរឬទេ។ ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងខរ គម្រោងដើម្បីបើកប្រទេសលើគ្រប់វិស័យឡើងវិញ នឹងមិនអាចធ្វើទៅបានទេ ប៉ុន្តែប្រសិនបងប្អូនអាចនឹងការពារខ្លួនបាន ហើយចំនួនអ្នកឆ្លងពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នា ទៅលើការបើកសង្គមសេដ្ឋកិច្ចឡើងវិញ។ ជាពិសេសនោះគឺ ករណីសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាវ៉ាក់សាំងធៀបជាមួយប្រជាជនគោលដៅ១០លាននាក់ មាន៩៩,១៤% និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន ៨៩,៦៨% ធៀបជាមួយប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន៩៣,៧៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២%៕

កែសម្រួលដោយ៖ BRANDMEDIA