|

វត្តមានវ៉ាក់សាំងនៅតែជាតម្រូវការចាំបាច់ ទោះបីសង្គមសេដ្ឋកិច្ចត្រៀមបើកដំណើរការ


ដោយ៖ ផាត់ គឹមឆែ

វត្តមាននៃវ៉ាក់សាំងជាច្រើនលានដូស បាននឹងកំពុងបង្កើតភាពស៊ាំសម្រាប់ប្រជាជនកម្ពុជា។ អ្វីដែលគួររីករាយគឺ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានរាំងស្ទះដល់ដំណើរការលើវិស័យនានានៃសេដ្ឋកិច្ចជាតិ អស់រយៈពេលជាង ២ឆ្នាំកន្លងមក ថ្មីៗនេះស្ថានភាពបាននឹងកំពុងឈានទៅរកភាពល្អប្រសើរឡើង​វិញ។ សាលារៀនត្រៀមនឹងបើកទ្វារសម្រាប់កុមារនៅតំបន់មួយចំនួន ដើម្បីទទួលបានការសិក្សាដោយផ្ទាល់តាមការស្នើសុំរបស់រាជរដ្ឋាភិបាល។​ ទន្ទឹមនឹងនេះក៏មានការរំពឹងថា នឹងមានការដំណើរការលើវិស័យទេសចរណ៍ឆាប់ៗផងដែរ នេះបើយើងទៅតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

ថ្វីដ្បិតតែ នេះជាចំណុចវិជ្ជមានសម្រាប់កម្ពុជាមែនពិត ក៏ប៉ុន្តែកម្ពុជានៅតែត្រៀមលក្ខណៈ និងអនុវត្តយុទ្ធនាការការពារដូចដើម ពោលគឺយើងមិនទាន់អាចជិះសេះព្រលែងដៃនោះឡើយ។ ជាក់ស្ដែង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅ មានវ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២,៥ លានដូសត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២,៥ លានដូសនេះ មានវ៉ាក់សាំងចំនួន ២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនរាជរដ្ឋាភិបាលកម្ពុជា។ ការណ៍នេះបញ្ជាក់ថា វត្តមានវ៉ាក់សាំងនៅតែសំខាន់ និងចាំបាច់បំផុត។

ការប្រមើលមើលទីបញ្ចប់របស់ជំងឺឆ្លងដ៏សាហាវមួយនេះ នៅតែជាការលំបាក ដោយហេតុថា វីរុសនេះមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយបានបំប្លែងជាវីរុសថ្មីៗទៀត។ ទោះជាយ៉ាងនេះក្ដីជំហរច្បាស់លាស់មួយ កាន់តែជំរុញឲ្យសេចក្ដីរំពឹងក្នុងការយកឈ្នះលើសមរភូមិជំងឺឆ្លងមួយនេះ កាន់តែមើលឃើញថា យើងមានថាមពលគ្រប់គ្រាន់ក្នុងការយកឈ្នះ ដោយវ៉ាក់សាំងប្រយុទ្ធទប់ទល់ អាចផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការ រួមទាំងវិធានការសុខាភិបាលនៅតែបន្តផ្សព្វផ្សាយ បំរាមនៃការជួបជុំនៅតែរក្សាដដែល ទោះស្ថិតក្នុងកាលៈទេសៈនេះក្ដី។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោកតាមរយៈ​យន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់ផងដែរ ​នេះបើតាមការបង្ហាញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ យ៉ាងណាមិញ យើងសង្ឃឹមថា ស្ថានភាពកម្ពុជាពេលនេះ អាចនឹងជាចំណុចចាប់ផ្ដើម ក្នុងការបើកផ្លូវឲ្យអ្វីៗ ចាប់ផ្ដើមបន្តិចម្ដងក្នុងការត្រលប់មកសភាពប្រក្រតីឡើងវិញ៕

រូបភាព៖ Clinical Trials Arena

កែសម្រួលដោយ៖ BRANDMEDIA