| |

ផ្ទុះការអបអរ! ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់ ចេញអបអរពេញទីក្រុង ក្រោយបទឈប់បាញ់រវាងអាមេរិក-អ៊ីរ៉ង់ចូលជាធរមាន


ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់ បាននាំគ្នាចេញមកអបអរសាទរតាមដងផ្លូវនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងតេហេរ៉ង់ បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍បានចូលជាធរមាន ដែលចាត់ទុកថាជាសញ្ញានៃសន្តិភាព និងជ័យជម្នះមួយ។

តាមសារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះថា ការជួបជុំប្រមូលផ្ដុំបានកើតឡើងនៅតាមទីសាធារណៈជាច្រើន ខណៈប្រជាពលរដ្ឋខ្លះបានកាន់ទង់ជាតិ និងខ្លះទៀតកាន់រូបថតមេដឹកនាំកំពូល Mojtaba Khamenei នៅទីលាន Enqelab-e-Eslami ដើម្បីបង្ហាញការគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍នេះ។

ការអបអរសាទរនេះកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ (SNSCI) បានចេញសេចក្តីថ្លែងការណ៍ប្រកាសថា ប្រទេសខ្លួនទទួលបាន «ជ័យជម្នះដ៏ធំធេង» បន្ទាប់ពីការយល់ព្រមលើបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍ដដែល SNSCI បានអះអាងថា លទ្ធផលនេះបង្ហាញពីភាពជោគជ័យរបស់អ៊ីរ៉ង់ ក្នុងការសម្រេចគោលដៅសំខាន់ៗនៅក្នុងជម្លោះ និងបានចាត់ទុកថា ភាគីប្រឆាំងកំពុងប្រឈមនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា ស្ថានការណ៍នៅតំបន់នៅតែត្រូវបានបន្តតាមដានយ៉ាងជិតស្និទ្ធ ខណៈបទឈប់បាញ់នេះត្រូវបានចាត់ទុកថាជាជំហានដំបូងសម្រាប់ការបន្ធូរបន្ថយភាពតានតឹងរវាងភាគីទាំងពីរ។

ប្រភព៖ BBC