|

ជនបរទេស ៣៩៨នាក់ ត្រូវបានឃាត់ខ្លួន ជាប់បទល្មើស Online Scams ដែលមានទីតាំងមូលដ្ឋាននៅភ្នំពេញ កែប និងបន្ទាយមានជ័យ!


នារសៀលថ្ងៃទី៨ ខែមេសា នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្រ្ត បានឲ្យដឹងថា កម្ពុជា គ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ។

សម្ដេចបានប្រសាសន៍បន្ថែមថា យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមានភ្នំពេញ បន្ទាយមានជ័យ និងកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួច របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ ករណីទី១ នៅថ្ងៃទី៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរ ខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស២១៨នាក់ ដកហូតកុំព្យូទ័រ All In One ១៣៣គ្រឿង កុំព្យូទ័រយួរដៃ៤៤ គ្រឿង ទូរសព្ទដៃ៣៩២គ្រឿង អេក្រង់(monitor)១៦គ្រឿង CPU១៥គ្រឿង Tablet៥គ្រឿង មួកនគរបាលជប៉ុន២ អាវនគរបាលជប៉ុន៥ និងកាតនគរបាលជប៉ុន៤សន្លឹក។

ដោយឡែក សម្ដេចបានរំលេចថា យោងតាមការធ្វើកោសល្យវិច័យ លើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចបានសន្និដ្ឋានថាទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ គោលដៅប្រទេសប៉ាគីស្ថាន បង់ក្លាដេស និង វៀតណាម។

យ៉ាងណាមិញ សម្ដេចក៏បានគូសបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែមេសា កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបជាក់ស្តែង នៅផ្ទះជួលមួយកន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងបានឃាត់ខ្លួនជនបរទេសសរុប១៤នាក់។ កម្លាំងជំនាញបានឃាត់ខ្លួនជនបរទេស សង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើស Online Scams បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរបំភ្លឺ និងធ្វើនីតិវិធីបន្ត។

ជាមួយគ្នានេះ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី៧ ខែមេសាដដែល សមត្ថកិច្ចបានចុះបង្រ្កាបជាក់ស្តែងនៅចំណុចកាស៊ីណូ អ័រគីដេ និងសណ្ឋាគារ ដោយសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួនជនបរទេស១៣៩នាក់ បន្ថែមទៀត។

ចំពោះប្រតិបត្តិការខាងលើនេះ ដឹកនាំដោយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងគណៈបញ្ជាការរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវីធីពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងសហការពីតំណាងម្ចាស់ទីតាំង។

ជាងនេះទៅទៀត សម្ដេចបានបន្ថែមថា ក្នុងនាមសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងដឹកនាំតម្រង់ទិសយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសមានខ្សែបណ្ដាញជាសកលមួយនេះ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្រិតរដ្ឋបាលរាជធានី ខេត្ត៕

ប្រភព៖ សម្ដេចក្រឡាហោម ស ខេង