| |

យន្តហោះយោធារុស្ស៊ី ចុះចតនៅប្រទេសកូរ៉េខាងជើង បង្កការសង្ស័យចំពោះកិច្ចសហប្រតិបត្តិការ«សម្ងាត់» ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន!


យន្តហោះយោធារបស់រុស្ស៊ីមួយគ្រឿង បានចុះចតនៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ ដែលជាការហោះហើរលើកដំបូងចាប់តាំងពីខែកុម្ភៈមកនេះ ខណៈពេលដែលមានសញ្ញាព្រមានពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការយោធា«សម្ងាត់» រវាងប្រទេសទាំងពីរ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន។

យោងតាមទិន្នន័យអាកាសចរណ៍ពី Flightradar24 យន្តហោះប្រភេទ Il-62M (លេខចុះបញ្ជី RA-86559) របស់កងទ័ពអាកាសរុស្ស៊ី បានមកដល់ទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៣:៣៩ រសៀល ម៉ោងស្តង់ដារកូរ៉េ (KST) បន្ទាប់ពីធ្វើដំណើរពីទីក្រុងមូស្គូ និងឈប់សម្រាកបណ្ដោះអាសន្ននៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក។

មកទល់ពេលនេះ ទាំងរដ្ឋាភិបាលរុស្ស៊ី និងកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ព័ត៌មានលម្អិតអំពីគោលបំណងនៃការហោះហើរនេះ ឬអត្តសញ្ញាណអ្នកដំណើរនៅលើយន្តហោះនោះនៅឡើយទេ។

គួរបញ្ជាក់ថា ការចុះចតនេះកើតឡើង បន្ទាប់ពីព្រឹត្តិការណ៍មួយកាលពីខែកុម្ភៈ ដែលយន្តហោះ Il-62M មួយគ្រឿងបានចុះចតនៅព្យុងយ៉ាង ប៉ុន្មានថ្ងៃបន្ទាប់ពីដឹកនាំគណៈប្រតិភូយោធារុស្ស៊ីទៅកាន់ទីក្រុងអាប៊ូដាប៊ី សម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យន្តហោះប្រភេទនេះបានធ្វើដំណើរជាច្រើនលើកទៅកាន់កូរ៉េខាងជើង ខណៈដែលទំនាក់ទំនងយោធារវាងទីក្រុងមូស្គូ និងព្យុងយ៉ាងកាន់តែរឹងមាំឡើង។

ជាមួយគ្នានេះ អ្នកជំនាញមួយចំនួន បានវាយតម្លៃថា ដំណើរទស្សនកិច្ចប្រភេទនេះអាចជាផ្នែកមួយនៃការខិតខំរបស់រុស្ស៊ី ក្នុងការស្វែងរកការគាំទ្របន្ថែមពីកូរ៉េខាងជើង សម្រាប់ប្រតិបត្តិការនៅក្នុងសង្គ្រាមអ៊ុយក្រែន។

ប្រភព៖ NK News