សមាជិកសភាបក្សប្រឆាំងថៃ រិះគន់រដ្ឋបាលលោក អានុទីន ថា ការកាត់បន្ថយតម្លៃប្រេងត្រឹម ២បាត ក្នុងមួយលីត្រ ជាតម្លៃតិចតួចបំផុត!
សមាជិកសភាបញ្ជីឈ្មោះពីគណបក្សប្រឆាំង លោក Supachot Chaiyasat បានបង្ហាញការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំងចំពោះវិធានការរបស់រដ្ឋាភិបាលថៃ ក្នុងការកាត់បន្ថយតម្លៃប្រេងត្រឹមតែ ២ បាតក្នុងមួយលីត្រ ខណៈដែលតម្លៃប្រេងបានកើនឡើងរហូតដល់ ២០ បាតក្នុងមួយលីត្រ។



ការរិះគន់នេះកើតឡើងបន្ទាប់ពីគណៈកម្មាធិការគោលនយោបាយ និងផែនការថាមពល បានអនុម័តវិធានការកាត់បន្ថយតម្លៃប្រេងចម្រាញ់ ដោយមានគោលបំណងបន្ធូរបន្ថយបន្ទុកលើប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា លោក Supachot បានអះអាងថា វិធានការនេះមានទំហំតូចពេក មិនអាចជួយបន្ថយបញ្ហាផ្នែកជីវភាពរបស់ប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាពឡើយ។
បន្ថែមពីនេះ លោក Supachot ក៏បានលើកឡើងអំពីបញ្ហាតម្លាភាពក្នុងការគ្រប់គ្រងតម្លៃប្រេងរបស់រដ្ឋាភិបាល ដោយសួរ “អំពីធាតុសំខាន់ៗដូចជា ថ្លៃដើមប្រេងឆៅដែលត្រូវបានគណនា ការបន្ថែមបុព្វលាភផ្សេងៗ អត្រាប្តូរប្រាក់ដែលបានយកមកគិត និងរបៀបគណនាការកាត់បន្ថយតម្លៃ ២ បាត ប្រៀបធៀបទៅនឹងប្រាក់ចំណេញសរុប”។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់រដ្ឋបាលលោកអានុទិន ពាក់ព័ន្ធនឹងវិធានការរយៈពេលខ្លី ដូចជាការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតចំនួន ៦.៩២ បាតក្នុងមួយលីត្រ ដែលគួរត្រូវបានអនុវត្ត រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធពន្ធ ដូចជា ពន្ធលើប្រាក់ចំណេញ ដើម្បីធានាថា អត្ថប្រយោជន៍នឹងទៅដល់ប្រជាពលរដ្ឋជាក់ស្តែង មិនមែនត្រឹមតែការពារផលប្រយោជន៍របស់សហគ្រាសធំៗនោះទេ។
ប្រភព៖ Thai Required











