|

នាវាពិឃាត HMS Dragon របស់ចក្រភពអង់គ្លេស ត្រូវចូលចតបន្ទាន់ក្រោយជួបបញ្ហាបច្ចេកទេស កំឡុងពេលប្រតិបត្តិការជុំវិញមូលដ្ឋានអាកាសនៅមជ្ឈឹមបូព៌ា


នាវាចម្បាំង HMS Dragon របស់កងទ័ពជើងទឹកអង់គ្លេស បានចូលចតនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីជួបប្រទះបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងប្រព័ន្ធទឹក។ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ការខូចខាតនេះមិនប៉ះពាល់ដល់សមត្ថភាពប្រតិបត្តិការរបស់នាវានោះទេ។

នាវាពិឃាតប្រភេទនេះ ត្រូវបានដាក់ពង្រាយក្រោមការបញ្ជារបស់នាយករដ្ឋមន្ត្រី Keir Starmer ដើម្បីពង្រឹងសន្តិសុខជុំវិញមូលដ្ឋានអាកាស RAF Akrotiri នៅប្រទេស Cyprus បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed 136។

យោងតាមរដ្ឋមន្ត្រីការពារជាតិ John Healey នាវានេះបានចាកចេញពីកំពង់ផែ Portsmouth នៅថ្ងៃទី១០ ខែមីនា។ ក្រសួងការពារជាតិបានឲ្យដឹងថា ការឈប់ចតនេះជាផ្នែកមួយនៃការថែទាំ និងបំពេញភស្តុភារ ដែលត្រូវបានគ្រោងទុកជាមុន ដើម្បីអនុញ្ញាតឱ្យនាវាទទួលការផ្គត់ផ្គង់ បង្កើនប្រសិទ្ធភាពប្រព័ន្ធ និងធ្វើការជួសជុលតិចតួច។ ទោះជាយ៉ាងណា នាវានឹងនៅតែមានសមត្ថភាពចេញប្រតិបត្តិការបានភ្លាមៗ ប្រសិនបើមានហានិភ័យណាមួយ។

ក្នុងបរិបទសន្តិសុខតំបន់ ចក្រភពអង់គ្លេសកំពុងបន្តរក្សាវត្តមានយោធាដ៏រឹងមាំនៅភាគខាងកើតមេឌីទែរ៉ាណេ ដោយសហការជាមួយសម្ព័ន្ធមិត្ត។ វត្តមាននេះរួមមានយន្តហោះចម្បាំង Typhoon និង F-35 ឧទ្ធម្ភាគចក្រ Wildcat និង Merlin ព្រមទាំងប្រព័ន្ធការពារដែនអាកាស និងប្រឆាំងយន្តហោះគ្មានមនុស្សបើក។

គួរបញ្ជាក់ថា នាវា HMS Dragon គឺជាផ្នែកមួយនៃកម្លាំងការពារនៅក្នុងតំបន់ ដែលមានភារកិច្ចការពារមូលដ្ឋានយោធាអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្ត ពីការគំរាមកំហែងយន្តហោះគ្មានមនុស្សបើក និងអាវុធផ្សេងៗ ដែលមានប្រភពមកពីតំបន់មជ្ឈិមបូព៌ា។

ជាងនេះទៅទៀត នាវាចម្បាំង HMS Dragon ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Sea Viper ដែលមានសមត្ថភាពស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ហើយត្រូវបានរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការការពារផលប្រយោជន៍របស់ចក្រភពអង់គ្លេសនៅតំបន់មជ្ឈិមបូព៌ា។

ប្រភព៖ The Guardian