| |

នាវាដឹកប្រេងម៉ាឡេស៊ីដំបូងគេ ក្នុងចំណោម ៧គ្រឿង បានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ក្រោយជាប់គាំងដោយសារជម្លោះនៅមជ្ឈឹមបូព៌ា!


យោងតាមក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែមេសា ថា នាវាពាណិជ្ជកម្មដំបូងគេ ក្នុងចំណោមនាវាចំនួន ៧គ្រឿង គ្រប់គ្រងដោយម៉ាឡេស៊ី ដែលបានជាប់គាំងនៅច្រកសមុទ្រ Hormuz ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះដោយសុវត្ថិភាព ហើយកំពុងបន្តដំណើរទៅកាន់គោលដៅចុងក្រោយ។

តាមរបាយការណ៍របស់ Reuters ដោយយោងទៅលើទិន្នន័យពី LSEG និង Kpler នាវានេះជានាវាដឹកប្រេងឆៅពីអ៊ីរ៉ាក់ ដែលត្រូវបានជួលដោយអង្គភាពមួយរបស់ក្រុមហ៊ុនថាមពលជាតិ Petronas ហើយគ្រោងនឹងដឹកជញ្ជូនទំនិញទៅកាន់ទីក្រុង Pengerang រដ្ឋ Johor នៅពាក់កណ្តាល ខែមេសា នេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានចេញផ្សាយបន្ទាប់ពីស្ថានទូតអ៊ីរ៉ង់ប្រចាំម៉ាឡេស៊ីបានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបញ្ជាក់ថា អ៊ីរ៉ង់មិនភ្លេចមិត្តភក្តិរបស់ខ្លួននោះទេ។

ក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ សុវត្ថិភាព និងសន្តិសុខនៃការឆ្លងកាត់តាមសមុទ្រ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការសន្ទនា និងការចូលរួមការទូតក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ ដោយឡែក មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏កំពុងតាមដានស្ថានភាពនៃនាវាចំនួន ៦ គ្រឿងផ្សេងទៀត ដែលនៅសេសសល់។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសមីយ៉ាន់ម៉ា នៅតែមានគ្រប់គ្រាន់យ៉ាងហោចណាស់រហូតដល់ខែមិថុនា ទោះបីអាចមានការរំខានខ្លះចំពោះតម្លៃនៅក្នុងខែខាងមុខក៏ដោយ។

ក្នុងពេលដូចគ្នា នាវាពាណិជ្ជកម្មពីប្រទេសផ្សេងៗដូចជា ថៃ បារាំង អូម៉ង់ និងប៉ាណាម៉ា ក៏ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រនេះផងដែរ ខណៈប្រទេសឥណ្ឌូនេស៊ីកំពុងបន្តការចរចាជាមួយអ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងរបស់ខ្លួន។

យ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់បានព្រមានថា លក្ខខណ្ឌប្រតិបត្តិការថ្មីនៅក្នុងច្រកសមុទ្រ Hormuz អាចនឹងធ្វើឱ្យស្ថានភាពមិនអាចវិលត្រឡប់ទៅដូចដើមវិញបានយ៉ាងងាយស្រួលទេ ជាពិសេសសម្រាប់ប្រទេសមួយចំនួនដែលជាអរិភាព។

ដោយឡែក តាមទិន្នន័យពី Lloyd’s List បានបញ្ជាក់ថា ការធ្វើចរាចរណ៍តាមច្រកសមុទ្រនេះនៅតែមានកម្រិតទាប ដោយចាប់តាំងពីដើមខែមីនា មានតែប្រមាណ ១៤២ នាវាប៉ុណ្ណោះ ដែលបានឆ្លងកាត់ ខណៈភាគច្រើនពាក់ព័ន្ធជាមួយអ៊ីរ៉ង់ដោយផ្ទាល់។

ប្រភព៖ CNA