តម្លៃប្រេងឆៅអន្តរជាតិ ហក់ឡើង ១១៦ដុល្លារក្នុងមួយបារ៉ែល ដែលជាការប្រឈមមុខនឹងវិបត្តិថាមពលដ៏ធំបំផុតជុំវិញតំបន់មជ្ឃឹមបូព៌ា ក្នុងរយៈពេលជាច្រើនទសវត្សមកនេះ!
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់ប្រហែល ១១៦ដុល្លារក្នុងមួយបារ៉ែល ខណៈភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក៏ដូចជាស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា បន្តបង្កភាពតានតឹងកាន់តែសុីជម្រៅ និងមានភាពមិនប្រាកដប្រជា លើទីផ្សារថាមពលពិភពលោក។

ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើងជាង ៣ភាគរយ នៅដើមសប្តាហ៍នេះ ដល់កម្រិតខ្ពស់ ១១៦ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតពីរសប្តាហ៍កន្លងមកនេះ។ ការកើនឡើងនេះកើតឡើង ដោយសារឥទ្ធិពលនៃការកើនឡើង ភាពតានតឹងភូមិសាស្ត្រនយោបាយ នោងសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។
កត្តាសំខាន់មួយដែលកំពុងត្រូវបានតាមដានយ៉ាងដិតដល់ គឺច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលសំខាន់លើពិភពលោក។ ការរំខានដល់ចរាចរណ៍នៅទីនោះ អាចប៉ះពាល់ដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណមួយភាគប្រាំនៃការផ្គត់ផ្គង់សកល។
បន្ថែមពីនេះ ស្ថានភាពទីផ្សារហិរញ្ញវត្ថុអាស៊ីក៏បានរងសម្ពាធ ដោយសន្ទស្សន៍ភាគហ៊ុនសំខាន់ៗ បានធ្លាក់ចុះខ្លាំង ក្នុងការជួញដូរស្របពេលមានការព្រួយបារម្ភអំពីវិបត្តិថាមពល និងសេដ្ឋកិច្ចសកល។
តម្លៃប្រេងបានកើនឡើងប្រហែល ៦០ភាគរយ ចាប់តាំងពីការចាប់ផ្តើមនៃភាពតានតឹងនេះ ដោយបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងទូទាំងពិភពលោក និងបង្ខំឱ្យប្រទេសជាច្រើនអនុវត្តវិធានការសន្សំថាមពលបន្ទាន់។
អ្នកវិភាគទីផ្សារបានបន្តព្រមានថា តម្លៃប្រេងអាចបន្តកើនឡើង ប្រសិនបើស្ថានភាពភូមិសាស្ត្រនយោបាយមិនមានភាពធូរស្រាល និងបើការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz មិនវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញទេ។
ប្រភព៖ Aljazeera











