| |

ក្រសួងការងារ ប្រកាសផ្តល់ប្រាក់បន្ថែមបណ្តោះអាសន្ន លើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ ក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកល!


នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ប្រាក់បន្ថែមបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកល។

សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានគោលបំណងជួយបន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់កម្មករនិយោជិត ក្នុងស្ថានភាពតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង។

ជាមួយគ្នានេះ ក្រសួងការងារបានជូនដំណឹងដល់ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ត្រូវអនុវត្តវិធានការដូចជា ផ្តល់ប្រាក់បន្ថែមបណ្តោះអាសន្ន ចំនួន ២,៥០ (ពីរក្បៀសហាសិប) ដុល្លារអាម៉េរិក ក្នុងមួយខែ លើប្រាក់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្ត សម្រាប់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប។

ដូចគ្នាដែរ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ត្រូវអនុវត្តការផ្តល់ប្រាក់បន្ថែមបណ្តោះអាសន្ននេះចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ មានការកំណត់សាជាថ្មី។

ជាងនេះទៅទៀត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថាម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព។

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ