សញ្ញាដែលបញ្ជាក់ថា ដល់ពេលដែលអ្នកគួរផ្ដើមអាជីវកម្មដោយខ្លួនឯងហើយ!


ដោយ៖ ផាត់ គឹមឆែ

មនុស្សភាគច្រើន មានក្ដីស្រមៃក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនណាមួយតាមចំណូលចិត្តនាថ្ងៃអនាគត។ ប៉ុន្តែការចាប់ផ្ដើមវិវដ្ដខ្លួនជាសហគ្រិន ឬម្ចាស់អាជីវកម្មម្នាក់ដែលជោគជ័យ មិនងាយស្រួលដូចការព្រៀងទុកនោះឡើយ។ ចំណេះដឹង បទពិសោធន៍ ភាពបត់បែននៃគំនិត ជាកត្តាសំខាន់បំផុតក្នុងការប្រឡូកក្នុងវិស័យនេះ ព្រោះគ្រប់យ៉ាងត្រូវទាមទារភាពច្បាស់លាស់ ប្រាកដប្រជា។ ដូច្នេះ តើពេលណាដែលអ្នកមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការផ្ដើមអាជីវកម្មមួយ?

សង្កេតខ្លួនឯង ៦ចំណុចខាងក្រោមនេះ ដើម្បីអាចបញ្ជាក់ថាអ្នកអាចដំណើរការអាជីវកម្មមួយដោយរលូនបានឬទេ?

១. មានចំណេះដឹងទូទៅទូលំទូលាយ៖ ចេះប្រមើលមើលពីតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន និងពេលអនាគត មានគំនិតច្នៃប្រតិដ្ឋខ្ពស់ ស្គាល់ពីស្ថានភាព និងបរិបទជុំវិញខ្លួនច្បាស់ នាំឲ្យអត្រាជោគជ័យក្នុងអាជីវកម្មមានអាទិភាពខ្ពស់ មិនប្រថុយប្រថាននិងមិនរំពឹងលើព្រេងសំណាង។ យល់ពីតម្រូវការរបស់អតិថិជនច្បាស់​ នាំឲ្យយុទ្ធសាស្ត្រទីផ្សារជោគជ័យ។

២. មានបទពិសោធន៍គ្រប់គ្រាន់៖ បើអ្នកចង់បើកក្រុមហ៊ុនលក់ដូរមួយ ដោយមានបទពិសោធន៍លក់ដូរស្រាប់ វាពិតជាងាយស្រួល ក្នុងការរំពឹងថាអាជីវកម្មអ្នកទទួលបានជោគជ័យ។ បើទោះបីជាអាជីវកម្មតូចតាចក្ដី ក៏ទាមទារឲ្យម្ចាស់អាជីវកម្មស្គាល់ច្បាស់ពីគុណភាពនៃផលិតផលនោះដែរ មុនពេលឲ្យអតិថិជនមានទំនុកចិត្ត។ ជាទូទៅ បទពិសោធន៍ជាក់ស្ដែងបានបង្រៀនមនុស្សឲ្យមានប្រសិទ្ធភាព ជាជាងមានតែទ្រឹស្ដី។

៣. មានឆន្ទៈមុះមុត៖ បើអ្នកមិនខ្លាចការបរាជ័យ​ ជោគជ័យកំពុងរង់ចាំអ្នកនៅខាងមុខ។ កម្លាំងចិត្ត និងការមានឆន្ទៈ ប្រៀបដូចកម្លាំងជំរុញទៅរកផ្លូវជោគជ័យ។ ស្មារតីរឹងប៉ឹង ជាគុណសម្បត្តិនៃអ្នកដឹកនាំ មិនថាក្នុងវិស័យអ្វីក៏ដោយ។ ដើម្បីដឹកនាំអ្នកដទៃបាន ទាល់តែចេះដឹកនាំខ្លួនឯងជាមុនសិន។ មានចក្ខុវិស័យវែងឆ្ងាយ មានការប្រកួតប្រជែងនឹងខ្លួនឯង ដើម្បីយកឈ្នះគំនិតអសកម្មនានា និងបង្កើនទំនុកចិត្តលើខ្លួន​ឯង។

៤. មានគោលដៅច្បាស់លាស់៖ ការចាប់ផ្ដើមដោយគ្មានគម្រោង ផែនការច្បាស់លាស់ មិនខុសអ្វីពីរុញទូកទៅកណ្ដាលទន្លេដែលគ្មានកោះត្រើយនោះទេ។ ត្រូវគិតពីចំណុចតូចៗ រហូតដល់ចំណុចធំៗ​ មានគោលការណ៍ច្បាស់លាស់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ហានិភ័យផ្សេងៗ បើបរាជ័យតើអ្នកមានដំណោះស្រាយបែបណា ដើម្បីត្រៀមលក្ខណៈទុកជាមុន បើជោគជ័យអ្នកត្រូវមានផែនការយ៉ាងណាបន្ត?

៥. លទ្ធភាពដែលអាចទៅបាន៖ ផ្លូវទៅកាន់ភាពជោគជ័យ ប្រៀបដូចជាកាំជណ្ដើរយ៉ាងដូច្នោះដែរ ត្រូវឈានម្ដងមួយជំហានដោយប្រុងប្រយ័ត្ន ហើយប្រាកដចិត្តថាជាជំហានដែលអាចឈានដល់។ ការឈានផ្លោះរំលង ដោយមិនមើលលទ្ធភាព គឺនាំអ្នកទៅរកផ្លូវបរាជ័យមួយប៉ប្រិចភ្នែក។ ប៉ុន្តែពេលខ្លះ ក៏ត្រូវការឲ្យអ្នកក្លាហានក្នុងការហក់លោតដើម្បីដល់គោលដៅដែរ តែស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

៦. ទំនាក់ទំនងល្អ៖ ជាការពិត ជំនាញប្រាស្រ័យទាក់ទងនេះ ចាំបាច់ណាស់ មិនថាធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនណាមួយ ឬជាម្ចាស់នៃក្រុមហ៊ុនណាមួយនោះទេ។ មនុស្សជុំវិញខ្លួនអ្នកសុទ្ធតែអាចជាអតិថិជន។ ការមានទំនាក់ទំនងល្អ ស្គាល់មនុស្សច្រើន ជាជ្រុងមួយដែលនាំឲ្យអាជីវកម្មរបស់អ្នកទទួលបានការស្គាល់ និងផ្សព្វផ្សាយទៅកាន់មនុស្សជាច្រើន។ ទន្ទឹមនឹងនេះ ក្នុងចំណោមមនុស្សទាំងនោះ អាចនឹងមានអ្នកដែលក្លាយជាដៃគូល្អក្នុងការរកស៊ី និងអាចជួយឧបត្ថម្ភគាំទ្រ ឲ្យអ្នកទទួលបានផ្លែផ្កាផងដែរ។

បើអ្នកប្រាកដចិត្តថា អ្នកមានគុណសម្បត្តិទាំង៦ចំណុចនេះ បញ្ជាក់ថាដល់ពេលដែលអ្នកគួរបង្កើតអាជីវកម្មក្នុងក្ដីស្រមៃឲ្យក្លាយជាការពិតដោយខ្លួនឯងផ្ទាល់ហើយ ព្រោះអ្នកមានគ្រឹះសម្រាប់ធ្វើឲ្យអាជីវកម្ម អាចដើរទៅបាន និងបោះជំហានទៅរកភាពជោគជ័យ៕

កែសម្រួលដោយ៖ BRANDMEDIA