ការនាំកម្ពុជាឈានមួយជំហាន ឆ្ពោះទៅរកទីបញ្ចប់នៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ គឺស្ថិតនៅក្នុងដៃយើងទាំងអស់គ្នា!
ដោយ៖ ផាត់ គឹមឆែ
ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែស្ថិតក្នុងកម្រិតគួរឲ្យបារម្ភ ដែលនៅបន្តមានឆ្លងជាប្រចាំ រួមទាំងមេរោគកូវីដ-១៩ បម្លែងថ្មីជាបន្តបន្ទាប់ ដែលជាហានិភ័យចំពោះការឆ្លងរាតត្បាតនៅកម្ពុជា។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធនានា បានយកចិត្តទុកដាក់ ដោយដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការរពារជំងឺកូវីដ-១៩ រួមទាំងវិធានការការពារនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺនេះយ៉ាងសស្រាក់សស្រាំ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ មានសន្និសីទសារព័ត៌មានមួយ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩» ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អ្នកតំណាងអង្គការសុខភាពពិភពលោក អ្នកតំណាងអង្គការ Unicef និងសមាជិក សមាជិកាជាច្រើនទៀត។
នាឱកាសនេះ លោកស្រី វេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា “ការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ នៅឆ្ងាយពីទីបញ្ចប់នៅឡើយ។ ដូច្នេះយើងត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវឈប់អនុវត្តវិធានការសុខភាពសាធារណៈ និងវិធានការសង្គមនោះទេ។ ការបន្ថូរបន្ថយ ការអនុវត្តវិធានការទាំងនេះ ឆាប់រហ័ស ឬលឿនពេក និងបណ្ដាលឲ្យយើងបាត់បង់នូវសមិទ្ធផលដែលយើងទទួលបានដោយលំបាក។ ការប្រុងប្រយ័ត្ន សាមគ្គីភាព និងសេចក្ដីសប្បុរស ដរាបណាដែលយើង រក្សាគុណសម្បត្តិទាំងអស់នេះបាន យើងនឹងអាចដោះស្រាយវិបត្តិនេះជាមួយគ្នា ទោះបីជាវិបត្តិនេះនឹងបន្តក្នុងរយៈពេលណាមួយក៏ដោយ”។
ដោយសារវីរុសបំប្លែងថ្មី Delta បានឆ្លងចូលទៅក្នុងសហគមន៍ទៅហើយ យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ យើងកំពុងតែប្រណាំងប្រជែងជាមួយវីរុសកូវីដ-១៩បំប្លែងថ្មី ប្រភេទ Delta ដែលជាវីរុសងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធ្វើឲ្យប្រាកដថា ការមិនសូវគោរពតាមវិធានការ ភាពនឿយណាយ និងសុទិដ្ឋិនិយមចំពោះវ៉ាក់សាំង បានជះឥទ្ធិពលអវិជ្ជមានដល់វឌ្ឍនភាពដែលសម្រេចបានកន្លងមក។ យើងត្រូវបន្តអនុវត្តសកម្មភាពឲ្យបានលឿនជាងមុន រួមជាមួយនឹងភាពបន្ទាន់ជាងមុន និងដោយគ្មានការសោកស្ដាយ។
ដោយឡែក លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ សកម្មភាពអប់រំផ្សព្វផ្សាយ តែងតែបានធ្វើនាពេលកន្លងមកហើយ។ ការប្រកាសបើកយុទ្ធនាការនៅពេលនេះ ចំពោះវិធានការទប់ស្កាត់ការចម្លង ពុំមានការប្រែប្រួលទេ គឺការអនុវត្តវិធានការ ៣ការពារ និង៣កុំ រួមគ្នាទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។ ការប្រកាសយុទ្ធនាការនៅពេលនេះ ដើម្បីពញ្ញាក់ស្មារតីអំពីគ្រោះថ្នាក់ការចម្លងនិងការរាតត្បាតជំងឺកូវីដ-១៩ ដែលអាចផ្ទុះឡើងទ្រង់ទ្រាយធំក្នុងសហគមន៍បានគ្រប់ពេលវេលា ដែលទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាពីបុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជននានា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ មុននឹងអ្វីៗយឺតពេល។ ទន្ទឹមនឹងនេះ អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសារធារណៈ បានរៀបចំបន្ថែមនូវសេចក្ដីណែនាំ អនុវត្តយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ មានគោលបំណងដូចតទៅ៖
១- បង្កើនការចូលរួមរបស់បុគ្គល គ្រួសារ ជាពិសេសស្ត្រីក្នុងការអនុវត្តវិធនាការ ៣ការពារ និង៣កុំ។
២- លើកកម្ពស់គុណតម្លៃសង្គម និងសាមគ្គីភាពសង្គម ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
៣- បង្កើនការចូលរួមអំពីស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នឯកជន ក្នុងការទទួលខុសត្រូវ អនុវត្តវិធានការមិនប្រើប្រាស់ឱសថ NPI សេវាកម្ម មានសុវត្តិភាព ទីកន្លែងធ្វើការមានសុវត្ថិភាព។
៤- បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរសហគមន៍ក្នុងការជំរុញការចូលរួមរបស់សហគមន៍ ក្នុងការតាមដាន អនុវត្តវិធានការសុខាភិបាល និងអន្តរាគមន៍ផ្សេងៗនៅក្នុងតំបន់។