កាណាដា ជប៉ុន និងសម្ព័ន្ធមិត្តអឺរ៉ុប ប្រកាសបង្ហាញឆន្ទៈរួមគ្នា បើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីទប់ស្កាត់វិបត្តិថាមពលកើនឡើង!
កាណាដា បានចូលរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងជប៉ុន ក្នុងការបង្ហាញឆន្ទៈរួមគ្នាក្នុង “កិច្ចខិតខំប្រឹងប្រែង” ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីទប់ស្កាត់វិបត្តិថាមពលកើនឡើង ខណៈភាពតានតឹងយោធានៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ ជាហេតុគំរាមកំហែងដល់ស្ថិរភាពថាមពលសកល។

ការវិវត្តនេះកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ អ៊ីស្រាអែលបានវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានវាយប្រហារសងសឹកលើទីតាំងថាមពលនៅតំបន់ផ្សេងៗ រួមទាំងគម្រោង Ras Laffan នៅកាតា។ ដោយតំបន់ South Pars ត្រូវបានគេស្គាល់ថាជាអាងស្តុកឧស្ម័នធម្មជាតិធំបំផុតនៅលើពិភពលោក ដែលអ៊ីរ៉ង់ និងកាតាបានចែករំលែក។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចេញផ្សាយដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ជប៉ុន និងកាណាដា ប្រទេសទាំងនេះបានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz ដែលពួកគេបានព្រមានថា “សកម្មភាពនេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនទូទាំងពិភពលោក”។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ប្រទេសទាំងនេះត្រៀមខ្លួនចូលរួមក្នុង “កិច្ចប្រឹងប្រែង” ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រនេះ ហើយស្វាគមន៍ការសហការពីបណ្តាប្រទេសផ្សេងៗដែលកំពុងរៀបចំផែនការ។
យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ច្បាស់ពីវិធានការជាក់លាក់ណាមួយឡើយ ដោយមិនមានប្រទេសណាមួយប្តេជ្ញាផ្គត់ផ្គង់កងទ័ព ឬឧបករណ៍យោធានោះទេ។ ខណៈនេះ អង្គការសមុទ្រអន្តរជាតិ ក៏បានអំពាវនាវឲ្យបង្កើត “ច្រកសុវត្ថិភាព” ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីការអនុវត្តឡើយ។
ដោយឡែក នៅចក្រភពអង់គ្លេស នាយករដ្ឋមន្ត្រី Keir Starmer បានបង្ហាញការផ្លាស់ប្តូរជំហរ ដោយលើកឡើងថា “ការបញ្ចប់សង្គ្រាមគឺជាវិធីលឿនបំផុតដើម្បីកាត់បន្ថយវិបត្តិរបស់ប្រជាជន និងបង្កើតស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសសារជាថ្មី”។
ប្រភព៖ The Globeandmail















