|

មន្ត្រីប្រឆាំងភេរវកម្មជាន់ខ្ពស់អាមេរិក សម្រេចលាលែងពីតំណែង និងបានរិះគន់អាមេរិក-អ៊ីស្រាអែលថា ជាអ្នកគំរាមកំហែងលើអ៊ីរ៉ង់មុន!


មន្ត្រីប្រឆាំងភេរវកម្មជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក Donald Trump បានសម្រេចលាលែងពីតំណែង បន្ទាប់ពីមានការមិនយល់ស្របលើគោលនយោបាយសង្គ្រាមពាក់ព័ន្ធនឹងប្រទេស Iran។

លោក Joe Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ បានបញ្ជាក់នៅក្នុងលិខិតមួយផ្សព្វផ្សាយលើបណ្តាញសង្គមថា អ៊ីរ៉ង់ «មិនមែនជាអ្នកបង្កការគំរាមកំហែង» ដល់សហរដ្ឋអាមេរិកឡើយ ហើយបានចោទថា រដ្ឋបាលត្រាំ បានចាប់ផ្តើមសកម្មភាពយោធា ដោយសារសម្ពាធពី Israel និងក្រុមឥទ្ធិពលនានានៅក្នុងសហរដ្ឋអាមេរិក។

សេតវិមាន បានច្រានចោលការអះអាងនេះ ដោយបញ្ជាក់ថា ប្រធានាធិបតីមាន «ភស្តុតាងគួរឱ្យជឿជាក់» ថា អ៊ីរ៉ង់មានគម្រោងវាយប្រហារមុន។

ការលាលែងពីតំណែងរបស់លោក Kent ត្រូវបានគេចាត់ទុកថា ជាករណីលេចធ្លោបំផុតក្នុងចំណោមមន្ត្រីរដ្ឋបាល ដែលបានបង្ហាញការរិះគន់ជាសាធារណៈចំពោះសកម្មភាពយោធារួមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍នៅការិយាល័យ Oval លោក Trump បាននិយាយថា លោក Kent ជា «មនុស្សល្អ» ប៉ុន្តែបានបន្ថែមថា លោក «ខ្សោយខាងសន្តិសុខ» ហើយបានចាត់ទុកការចាកចេញរបស់លោកថាជារឿងធម្មតា។

ក្នុងលិខិតរបស់ខ្លួន លោក Kent ក៏បានចោទថា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យមានការយល់ច្រឡំអំពីការគំរាមកំហែងពីអ៊ីរ៉ង់។

បុគ្គលជាន់ខ្ពស់នានា រួមទាំងលោក Mitch McConnell និងលោក Ilan Goldenberg ព្រមៗគ្នា បានរិះគន់មតិយោបល់របស់លោក Kent ខណៈដែលក្រុមតស៊ូមតិគាំទ្រ AIPAC ក៏បានបង្ហាញការគាំទ្រសេចក្តីថ្លែងការណ៍រិះគន់នេះផងដែរ។

គួរបញ្ជាក់ថា លោក Kent មានអាយុ ៤៥ ឆ្នាំ ជាអតីតយោធាកងកម្លាំងពិសេស និងមន្ត្រីស៊ើបការណ៍សម្ងាត់ ដែលមានបទពិសោធន៍បម្រើការងារជាច្រើនឆ្នាំក្រៅប្រទេស។ លោកបានបញ្ជាក់ថា មូលហេតុសំខាន់នៃការលាលែង គឺ “ដោយសារមិនអាចគាំទ្រការផ្ញើកងកម្លាំងអាមេរិកទៅចូលរួមក្នុងសង្គ្រាម” ដែលមិនឃើញថាមានអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនអាមេរិក។

ដោយឡែក បន្ទាប់ពីការលាលែងនេះ នាយកស៊ើបការណ៍សម្ងាត់ជាតិ Tulsi Gabbard ក៏បានគាំទ្រសេចក្តីសម្រេចរបស់ប្រធានាធិបតី ត្រាំ ដែលបញ្ជាក់ថា “ការវាយតម្លៃអំពីការគំរាមកំហែង” គឺផ្អែកលើព័ត៌មានសម្ងាត់យូរឆ្នាំ ដែលបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។

យ៉ាងណាមិញ ការលាលែងពីតំណែងនេះកើតឡើងក្នុងបរិបទដែលរដ្ឋបាលលោក Trump កំពុងប្រឈមមុខនឹងការរិះគន់ និងភាពតានតឹងកើនឡើងទាក់ទងនឹងគោលនយោបាយអន្តរជាតិ និងសកម្មភាពយោធានៅតំបន់មជ្ឈឹមបូព៌ា។

ប្រភព៖ BBC