ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦នៅខេត្តក្រចេះ ខាងមុខនេះ នឹងពង្រីកសក្តានុពលទេសចរណ៍ លើកកម្ពស់តម្លៃផលិតផលក្នុងស្រុក ដែលជាការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយ រដ្ឋបាលខេត្តក្រចេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។


គោលបំណង ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដង ទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ, ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅ នឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះ។
ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា តំណាងរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ វិស័យឯកជន អ្នកផលិតមាតិកា (Influencers, KOLs) និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនពាន់នាក់។
ជាងនេះទៅទៀត កម្មវិធីនឹងមាន ព្រឹត្តិការណ៍អម ទៅដោយភាពអធិកអធម ដែលគណៈកម្មការ អន្តរក្រសួង បានរៀបចំដូចជា៖ ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំង ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលខ្មែរ ព្រមទាំងការបង្ហាញ សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ។
ជាពិសេស ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលទេសចរណ៍ ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រី គួបផ្សំជាមួយ ពិធីប្រពៃណីសាសនាជាច្រើនទៀតដែល បង្ហាញពីឆន្ទៈ ក្ដីនឹករលឹកវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន និងការបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាពផងដែរ។
ប្រភព៖ ក្រសួងទេសចរណ៍















