នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ចេញវីដេអូបដិសេធពាក្យចចាមអារ៉ាមរបស់អ៊ីរ៉ង់ដែលថា «រូបលោកបានស្លាប់បាត់បង់ជីវិត»
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ចេញខ្សែវីដេអូខ្លីមួយកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដែលអះអាងថា រូបលោកបានទទួលមរណភាព ឬរងរបួសធ្ងន់នៅក្នុងការវាយប្រហារតាមអាកាសកាលពីពេលថ្មីៗនេះ។ នៅក្នុងវីដេអូនោះ លោក Benjamin Netanyahu បានបង្ហាញខ្លួនក្នុងស្ថានភាពមានសុខភាពល្អមាំមួន និងបានសើចចំអកចំពោះ “ព័ត៌មានក្លែងក្លាយ” របស់ទីក្រុងតេហេរ៉ង់។



យោងតាមការចុះផ្សាយរបស់ Reuters ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីមរណភាពរបស់លោក Benjamin Netanyahu បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកប្រតិបត្តិការ «True Promise 4» ដោយបាញ់មីស៊ីលរាប់រយគ្រាប់សំដៅលើគោលដៅសំខាន់ៗក្នុងប្រទេសអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានព្យាយាមបង្កើតការភ័ន្តច្រឡំដល់សាធារណជន ដើម្បីធ្វើឱ្យមានភាពចលាចលក្នុងជួររដ្ឋាភិបាល និងកងទ័ពអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ លោក Benjamin Netanyahu បានប្រើប្រាស់ឱកាសនេះដើម្បីបញ្ជាក់ជាថ្មីថា អ៊ីស្រាអែលនៅតែរឹងមាំ ហើយនឹងបន្តយុទ្ធនាការយោធារបស់ខ្លួនរហូតដល់ទទួលបានជ័យជម្នះជាស្ថាពរលើរបបអ៊ីរ៉ង់។
នៅក្នុងវីដេអូដដែលនោះ លោកនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសផ្ញើសារព្រមានទៅកាន់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ផងដែរថា៖ «ដូចដែលអ្នកបានឃើញ ខ្ញុំនៅទីនេះ ហើយខ្ញុំមិនទៅណាឡើយ។ ប៉ុន្តែសម្រាប់អ្នកវិញ ពេលវេលាកំពុងតែរាប់ថយក្រោយហើយ»។ ការថ្លែងបែបនេះបានធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរ កាន់តែឡើងកម្ដៅខ្លាំង ខណៈដែលពិភពលោកបារម្ភពីការផ្ទុះឡើងនៃសង្គ្រាមពេញទំហឹងនៅទូទាំងតំបន់។
បច្ចុប្បន្ន ក្រុមអ្នកវិភាគសង្គ្រាមចិត្តសាស្ត្រមើលឃើញថា ការប្រើប្រាស់វីដេអូដើម្បីបដិសេធមរណភាពនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អ៊ីស្រាអែល ដើម្បីរក្សាស្មារតីរបស់កងទ័ព និងប្រជាពលរដ្ឋ ចំពេលដែលគ្រាប់មីស៊ីលនៅតែបន្តធ្លាក់ចូលក្នុងទឹកដីរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោក Benjamin Netanyahu និងបានថ្កោលទោសចំពោះយុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់អ៊ីរ៉ង់ ដែលមានបំណងបង្កការរង្គោះរង្គើដល់ស្ថិរភាពក្នុងតំបន់៕
ប្រភព៖ Reuters











