|

អ៊ីរ៉ង់ចាប់ខ្លួនមនុស្សជាង ៥០០ នាក់ បន្ទាប់ពីសង្ស័យថាបានផ្តល់ព័ត៌មានសម្ងាត់ឱ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិក!


អាជ្ញាធរអ៊ីរ៉ង់បានប្រកាសថា បានចាប់ខ្លួនមនុស្សប្រហែល ៥០០ នាក់ បន្ទាប់ពីសង្ស័យថាពួកគេបានចូលរួមក្នុងសកម្មភាពស៊ើបការណ៍ និងចែករំលែកព័ត៌មានសម្ងាត់ទៅឱ្យភាគីសត្រូវ ខណៈដែលការវាយប្រហារតាមអាកាសលើគោលដៅនានាក្នុងប្រទេសនេះនៅតែបន្តកើតមាន។

តាមការបញ្ជាក់របស់មេប៉ូលីសអ៊ីរ៉ង់ លោក Ahmadreza Radan កាលពីថ្ងៃអាទិត្យ អ្នកត្រូវបានឃាត់ខ្លួនទាំងនោះត្រូវបានសង្ស័យថាបានផ្តល់ព័ត៌មានអំពីទីតាំងគោលដៅសម្រាប់ការវាយប្រហារ និងថតរូបទីកន្លែងដែលរងការវាយប្រហារ ដើម្បីបញ្ជូនទៅឱ្យភាគីសត្រូវ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ ប្រហែលពាក់កណ្តាលត្រូវបានចោទប្រកាន់ថាបានផ្តល់ព័ត៌មានអំពីទីតាំងសំខាន់ៗ និងប្រមូលព័ត៌មានទាក់ទងនឹងគោលដៅដែលអាចរងការវាយប្រហារ។

ប្រតិបត្តិការចាប់ខ្លួននេះត្រូវបានអនុវត្តនៅតាមតំបន់ផ្សេងៗទូទាំងប្រទេស រួមទាំងតំបន់ភាគពាយព្យ និងភាគឦសាន។ សូម្បីតែនៅតំបន់ដែលមិនទាន់មានការវាយប្រហារផ្ទាល់ ក៏មានការឃាត់ខ្លួនបុគ្គលដែលត្រូវបានសង្ស័យថាបានស៊ើបការណ៍លើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីតាំងយោធាសំខាន់ៗផងដែរ។

ជុំវិញបញ្ហានេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចោទប្រកាន់ថា អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់ក្រុមភ្នាក់ងារស៊ើបការណ៍ និងបុគ្គលជួល ដើម្បីបង្កភាពចលាចល និងកុបកម្មនៅក្នុងប្រទេស បន្ថែមពីលើការវាយប្រហារតាមដែនអាកាស។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ មក អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនមនុស្សចំនួន ៨១ នាក់រួចមកហើយ ក្រោមបទចោទប្រកាន់ថាបានចែករំលែកព័ត៌មានផ្ទៃក្នុងទៅឱ្យប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានចាត់ទុកថាជាអរិភាព និងក្រុមសត្រូវ។

ប្រភព៖ Japan Today