|

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) សហការជាមួយក្រសួងអប់រំ រៀបចំកម្មវិធីដើរសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមគាំទ្រឧបត្ថមពីក្រុមហ៊ុន សប្បុរសជនផ្សេងៗ នឹងរៀបចំកម្មវិធីដើររយៈចម្ងាយ ៥គីឡូមែត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះដែរ នឹងមានការអញ្ជើញចួលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងពីស្ថានទូតនានា ស្ថានប័នអប់រំតាមសាលា អាណាព្យាបាលសិស្ស រួមទាំងអនុញ្ញាតឱ្យសាធារណជនគ្រប់វ័យ មកពីគ្រប់មជ្ឈដ្ឋានដែលមានបំណងរួមចំណែកគាំទ្រក្នុងវិស័យកីឡា លើកកម្ពស់ផ្នែកសុខភាព និងជួយដល់កុមារកម្ពុជាបានចូលរួមផងដែរ។

គោលបំណងសំខាន់នៃកម្មវិធីដើរនេះ គឺការដើរដើម្បីសុខភាព និងជានិមិត្តរូបនៃការចូលរួមចូលថវិកា ក៏ដូចជាការផ្សព្វផ្សាយការរៃអង្គាសថវិកា ដើម្បីជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះកុមារនៅប្រទេសកម្ពុជាដែលរងការខ្វះខាត។

កម្មវិធីនេះ ត្រូវបានរំពឹងថានឹងមានអ្នកចូលរួមជាង១០០០នាក់។ ដោយឡែក សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមកម្មវិធីនេះ អាចចូលរួមចុះឈ្មោះបានតាមរយៈទំព័រផ្លូវការ ACE Charity Walk ក្នុងនោះសម្រាប់អ្នកចូលរួមទាំងអស់តម្រូវឱ្យចូលជាថវិកាចំនួន ៥$ ព្រមទាំងទទួលបានអាវយឺត១។

សូមជម្រាបថា នេះជាលើកទី៤ហើយ ដែលមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) បានរៀបចំកម្មវិធីដើរ ឬរត់ដើម្បីសប្បុរសធម៌ ដោយលើកទី១ កម្មវិធីនេះបានរៀបចំឡើងនៅបរិវេណកោះពេជ្រ ដែលមានអ្នកចូលរួម៦០០នាក់ លើកទី២ធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកចូលរួម១៥០០នាក់ និងលើកទី៣ធ្វើនៅខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាង៣០០០នាក់។ ថវិកា ដែលបានពីការរៀបចំកម្មវិធីទាំង ៣ លើកនាពេលកន្លងទៅ ត្រូវបានបរិច្ចាគទៅមន្ទីពេទ្យគន្ធបុប្ផា មួយចំណែកទៀតចូលរួមអភិវឌ្ឍសង្គម និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅតាមបណ្ដាខេត្តជាដើម។