|

សម្ទុះការគាំទ្រលើវិស័យភាពយន្តខ្មែរបង្ហាញតាមរយៈ”រឿងនគរមាស”


ដោយ៖ ផាត់ គឹមឆែ

ថ្មីៗនេះអ្នកតាមដានខ្សែភាពយន្តខ្មែរ កំពុងផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះរឿងភាគបុរាណខ្មែរមួយ របស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍ CTN គឺរឿងនគរមាស។ រឿងនគរមាសជាប្រភេទរឿងដែលបានឆ្លុះបញ្ចាំង ពីតថភាពសង្គមខ្មែរសម័យសង្វែក ដែលមានវប្បធម៌ខ្មែរដ៏ផូរផង់យ៉ាងច្រើន ដូចជា របាំបុរាណខ្មែរ ក្បាច់គុនដំបង ដាវ ប្រពៃណីទំនៀមទម្លាប់ ការរស់នៅ ការស្លៀកពាក់ និងរបបគ្រប់គ្រប់គ្រងនាសម័យនោះផងដែរ។

ខ្សែភាពយន្តនេះ មានការចូលរួមសម្ដែងដោយសមត្ថភាពដ៏ប៉ិនប្រសប់ពីសំណាក់តួអង្គសំខាន់ៗជាច្រើន ដែលមានដូចជា កញ្ញា សាន កុសមៈ លោកនរាយ៍ប្រិមប្រិយ អ្នកនាង ស ចន្ទដានី លោក យិន វុត្ថាជាដើម និងជាពិសេសគឺ មានការចូលរួមសម្ដែងពីសំណាក់ខ្សែរាជវង្សខ្មែរ គឺព្រះនាងតូច​នរោត្តមជេនា។ អ្វីដែលពិសេសនោះគឺ គ្រប់ឈុតឆាក ការសម្ដែងរបស់តួអង្គទាំងអស់គួរឲ្យជក់ចិត្ត ដោយរួមបញ្ចូលទាំងឈុតឆាក កំប្លុកកំប្លែង កម្សត់ព្រាត់ប្រាស់ ទុក្ខវេទនារបស់តួអង្គផងដែរ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដំណើររឿង ដែលស្ដែងឡើងដោយសមត្ថភាពសម្ដែងរបស់តារាសម្ដែងខ្មែរយើងក្នុងរឿងនេះ នាំឲ្យទទួលបានការគាំទ្រ និងលាន់មាត់សរសើរគ្រប់គ្នា។ ទន្ទឹមនឹងនេះចំពោះខ្លឹមសាររឿងវិញ គឺបានបង្កប់នូវផ្នត់គំនិតខ្មែរ ការចេះជួយយកអាសារគ្នា រួមទាំងតម្លៃអប់រំយ៉ាងល្អ ដល់អ្នកទស្សនា ឲ្យទទួលបានទាំងពុទ្ធិ និងការកំសាន្តអារម្មណ៍។

ដោយឡែក ចំពោះបច្ចេកទេសថតវិញ គឺមានបច្ចេកទេសថតយ៉ាងល្អ  សម្រិតសម្រាំងទាំងទីតាំងស្អាតៗ និងរូបភាពច្បាស់ត្រជាក់ភ្នែក ទាំងការនិពន្ធ និងការដឹកនាំថត គឺប្រកបដោយគុណភាពខ្ពស់ ទិដ្ឋភាពដ៏រស់រវើក ដែលជាចំណីចក្ខុ ដ៏វិសេសសម្រាប់ប្រិយមិត្តនិយមតាមដានរឿងភាគបុរាណខ្មែរ។ លក្ខណៈពិសេសទាំងនេះហើយ បានជាអ្នកទស្សនាជាច្រើនបានមើលឃើញពីភាពរីកចម្រើននៃភាពយន្តខ្មែរយើង តាមរយៈស្នាដៃមួយនេះ ហើយធ្វើឲ្យ រឿងនគរមាស មានសម្ទុះគាំទ្រ និងមានអ្នកទស្សនាយ៉ាងច្រើន បើធៀបទៅនឹងខ្សែភាពយន្តផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ ខ្សែភាពយន្តរឿង នគរមាសបាននឹងកំពុងចាក់ផ្សាយលើ YouTube Chanel ផ្លូវការរបស់ទូរទស្សន៍បុស្តិ៍ CTN បានចំនួន១៦ភាគមកហើយ។ ដើម្បីជ្រាបកាន់តែច្បាស់សូមចូលទៅទស្សនា រឿងភាគបែបបុរាណខ្មែរនេះតាមរយៈតំណភ្ជាប់ខាងក្រោម៕

រូបភាពព៖ រឿងបុរាណភាគ”នគរមាស”

កែសម្រួលដោយ៖ BRANDMEDIA