ក្រសួងទេសចរណ៍៖ ទោះបីពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈម ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីនៅលើពិភពលោក
នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីបញ្ជាក់ជូនទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរ វិនិយោគិនជាតិ អន្តរជាតិ និងភាគី ពាក់ព័ន្ធទាំងថា ប្រទេសកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក។

ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃ ស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវ សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដើម្បីធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាងនេះទៅទៀត តាមរយៈការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន ភាគីអន្តរជាតិ ផ្នែកឯកជន បានបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានា សុវត្ថិភាព និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរទាំងអស់។
ប្រភព៖ ក្រសួងទេសចរណ៍














