|

ត្រៀមខ្លួនដើម្បីយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍ (JDS) សម្រាប់មន្រ្តីរាជការ


ដោយ៖ ផាត់ គឹមឆែ

សព្វថ្ងៃនេះវិស័យអប់រំមានលក្ខណៈទូលំទូលាយ និងមានការរីកចម្រើនយ៉ាងខ្លាំង។ លក្ខណៈល្អប្រសើរនេះបាននាំឲ្យ សាស្ត្រាចារ្យ គ្រូបង្រៀន សិស្ស និស្សិតភាគច្រើន ទទួលបានការអប់រំ ខ្ពង់ខ្ពស់ និងមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យនេះ។ ពិសេសនោះ គឺមានអាហារូបករណ៍រដ្ឋ និងឯកជនជាច្រើន ដែលផ្ដល់ឱកាសសម្រាប់អ្នកសិក្សា ឲ្យមានលទ្ធភាពក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងជំនាញនៅបរទេស។ ក្នុងនោះ មានកម្មវិធីអាហារូបករណ៍មួយ មានឈ្មោះថា The Project for Human Resource Development Scholarship by Japanese Grant Aid (JDS) ដែលជាអាហារូបករណ៍ជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សទៅកាន់មន្រ្តីរាជការមកពី ១៦ប្រទេស។ សម្រាប់ប្រទេសកម្ពុជា អាហារូបករណ៍នេះ ផ្តល់ជូនដល់មន្រ្តីរាជការវ័យក្មេងដែលរំពឹងថានឹងក្លាយជាអ្នកដឹកនាំតាមក្រសួង និងស្ថាប័នរដ្ឋប្រមាណជាង ៥០កន្លែងក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតពីគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសជប៉ុន។

អ្នកគ្រូ មាស សុទ្ធ បច្ចុប្បន្នជាមន្ត្រីរាជការកំពុងបម្រើការនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំយុវជន និងកីឡា ដែលបានបញ្ចប់ការសិក្សាជំនាញអភិវឌ្ឍន៍ការអប់រំ ពីប្រទេសជប៉ុន តាមរយៈកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០១៧-២០១៩។ ការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន និងព័ត៌មានទូទៅមួយចំនួនយ៉ាងដូច្នេះថា៖ ជាទូទៅ ដើម្បីបានអាហារូបករណ៍នេះ បេក្ខជនទាំងអស់គួរត្រៀមខ្លួនតាមដំណាក់កាលមួយចំនួនដូចខាងក្រោម៖

អ្នកគ្រូ មាស សុទ្ធ

ដំណាក់កាលទី១៖ បេក្ខជនត្រូវបំពេញឲ្យបានគ្រប់លក្ខខណ្ឌមួយចំនួនជាមុនសិន រួមមានជាមន្ត្រីរាជការតាមក្រសួង និងស្ថាប័នដែលបានកំណត់ មានសញ្ជាតិខ្មែរ មានអាយុចន្លោះ២២ឆ្នាំ ដល់ ៣៩ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រ (សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត) ឬសញ្ញាបត្របរិញ្ញាបត្រអនុបណ្ឌិត (សម្រាប់ការសិក្សាថ្នាក់បណ្ឌិត) មានបទពិសោធន៍ធ្វើការពេញសិទ្ធរយៈពេល២ឆ្នាំ និងមានសុខភាពមាំមួន។

ដំណាក់កាលទី២៖ គឺការបំពេញពាក្យសុំអាហារូបករណ៍ភ្ជាប់ជាមួយការសរសេរសំណើស្រាវជ្រាវ។ ដំណាក់កាលនេះសំខាន់ណាស់ ប្រសិនបើការបំពេញពាក្យសុំ និងការសរសេរសំណើស្រាវជ្រាវរបស់យើងល្អ នោះយើងក៏អាចក្លាយជាបេក្ខជនលេចធ្លោ ក្នុងចំណោមបេក្ខជនដទៃទៀតផងដែរ។ ដូច្នេះទាមទារឲ្យបេក្ខជនត្រូវឈ្វេងយល់ពីការងារដែលខ្លួនកំពុងបំពេញ គោលដៅនាពេលអនាគត គោលបំណងរបស់អាហារូបករណ៍ និងចក្ខុវិស័យអភិវឌ្ឍន៍ជាតិឲ្យបានច្បាស់លាស់។ សម្រាប់សំណើស្រាវជ្រាវ បេក្ខជនត្រូវចេះកំណត់ប្រធានបទ និងវិធីសាស្រ្តស្រាវជ្រាវ ដោយប្រមើលមើលថា ប្រធានបទនេះពាក់ព័ន្ធនឹងការងារដែលយើងកំពុងបំពេញកម្រិតណា ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ប្រទេសកម្រិតណា ហើយលទ្ធផលនៃការស្រាវជ្រាវមានអត្ថប្រយោជន៍អ្វីខ្លះក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិទាំងមូល។

ដំណាក់កាលទី៣៖ គឺការប្រឡងតេស្ដសមត្ថភាពភាសាអង់គ្លេស និងគណិតវិទ្យា។ បេក្ខជនដែលជាប់ដំណាក់កាលទាំង៣ នេះ នឹងត្រូវឆ្លងកាត់ដំណាក់កាលបន្តបន្ទាប់ទៀត រួមមានការពិនិត្យសុខភាព និងការសម្ភាសចំនួន ២លើកបន្ថែមទៀត។ ក្រោយពីនោះ បេក្ខជនដែលជាប់ជាស្ថាពរត្រូវត្រៀមខ្លួន និងទទួលការបំប៉នផ្នែកភាសា និងផ្នែកការស្រាវជ្រាវឲ្យបានប្រសើរ។

«តាមរយៈការសិក្សានេះ ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន ដូចជាពង្រីកចំណេះដឹងបន្ថែមទាក់ទងនឹងជំនាញអប់រំ  និងជំនាញស្រាវជ្រាវ ដែលល្អបំផុតសម្រាប់ការរៀបចំគោលនយោបាយអប់រំ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងអភិវឌ្ឍប្រទេស និងជាពិសេសសម្រាប់បន្តការសិក្សាទៅថ្នាក់បណ្ឌិត។ បន្ថែមពីនេះ យើងបានស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នៃដែនដីថ្មី ដែលជះឥទ្ធិពលដល់ការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃ ដូចជា ការគោរពពេលវេលា ភាពស្មោះត្រង់ ការក្រែងចិត្តអ្នកដទៃ ភាពអំណត់អត់ធន់ ការប្ដេជ្ញាចិត្តក្នុងការងារ ការឲ្យតម្លៃលើអ្នកដទៃ ដែលទាំងនេះជាលក្ខណៈសម្បត្តិរបស់ប្រជាជនជប៉ុនផ្ទាល់»។

អ្នកគ្រូក៏បានបន្តថា «អាហារូបករណ៍ JDS មានសារៈសំខាន់ណាស់សម្រាប់អ្នកសិក្សា ព្រោះថានាំឲ្យយើងទទួលបានការអប់រំ និងជំនាញស្រាវជ្រាវដ៏មានគុណភាពតាមបែបវិទ្យាសាស្ត្រ មានទំនាក់ទំនងសកលល្អ ដូចជាការបង្កើតមិត្តភាពជាមួយមិត្តភក្តិបរទេស ដែលអាចឲ្យយើងរៀនពីទម្លាប់ល្អៗ និងចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះការសិក្សានៅបរទេសបានបង្រៀនឲ្យយើងរៀនរស់នៅម្នាក់ឯង រៀនដោះស្រាយបញ្ហាដោយឯករាជ្យ និងមានទស្សនៈវិស័យជាសកល អាចមើលឃើញពិភពខាងក្រៅបានកាន់តែទូលំទូលាយ ចេះមុជខ្លួនកាន់តែជ្រៅដើម្បីយកចំណេះដឹងទាំងឡាយមកធ្វើការអភិវឌ្ឍស្រុកទេសរបស់យើងតាមលទ្ធភាព»៕

កែសម្រួលដោយ៖ BRANDMEDIA