ឯកឧត្តមលី ធុជ ៖ «គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និងបានរារាំងសហគមន៍ទាំងមូល»
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។



ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា កម្ពុជាបានរស់នៅជាមួយនឹងផលវិបាកនៃសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និងបានរារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់ដល់គ្រួសារ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹងត្រូវអនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជាសម្រាប់សកម្មភាពមីន និងជំនួយជនរងគ្រោះ ប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជនកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Mayaguez Memorial VFW Post 11575 ចំពោះការលះបង់ ទឹកចិត្តសប្បុរស និងការប្តេជ្ញាចិត្តឈរជាមួយជនរងគ្រោះកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ Mayaguez Memorial VFW Post 11575 ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជាដៃគូដើម្បីបង្កើនការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន។
ប្រភព៖ អាជ្ញាធរមីន












