សង្គ្រាមរីករាលដាលដល់លីបង់! អ៊ីស្រាអែលវាយបកវិញយ៉ាងចាស់ដៃ ក្រោយក្រុមហេសបូឡាបើកការវាយប្រហារសងសឹកឱ្យអ៊ីរ៉ង់
កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើគោលដៅយុទ្ធសាស្ត្រជាច្រើនក្នុងប្រទេសលីបង់ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីក្រុមហេសបូឡា (Hezbollah) បានបាញ់ស្រោចមីស៊ីល និងដ្រូនចូលទឹកដីអ៊ីស្រាអែល។ ការវិវត្តថ្មីនេះបានធ្វើឱ្យជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ រីករាលដាលកាន់តែខ្លាំងដល់ប្រទេសជិតខាង ដែលបង្កឱ្យមានក្តីបារម្ភពីសង្គ្រាមតំបន់ទ្រង់ទ្រាយធំ។


យោងតាមរបាយការណ៍ពីយោធាអ៊ីស្រាអែល ការវាយប្រហារតាមអាកាសបានដៅចំទីតាំងបាញ់បង្ហោះគ្រាប់រំសេវ និងដេប៉ូផ្ទុកអាវុធរបស់ក្រុមហេសបូឡានៅភាគខាងត្បូងលីបង់ និងជាយក្រុងបេរូត។ ក្រុមហេសបូឡាបានប្រកាសថា សកម្មភាពយោធារបស់ខ្លួនគឺជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងដើម្បីការពារអធិបតេយ្យភាពតំបន់ពីការឈ្លានពានរបស់អ៊ីស្រាអែល និងអាមេរិក។ ការចូលរួមដោយផ្ទាល់របស់ក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលមួយនេះ បានធ្វើឱ្យស្ថានការណ៍សន្តិសុខនៅតាមព្រំដែនភាគខាងជើងអ៊ីស្រាអែល ធ្លាក់ចូលក្នុងភាពអាសន្នបំផុត។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលលីបង់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ចៀសវិនាសកម្មមនុស្សធម៌ ខណៈដែលប្រជាជនស៊ីវិលរាប់ពាន់នាក់បានចាប់ផ្តើមភៀសខ្លួនចេញពីតំបន់ជម្លោះ។ ក្រុមអ្នកវិភាគអន្តរជាតិបានព្រមានថា ប្រសិនបើការបាញ់បោះឆ្លងដែននេះមិនអាចគ្រប់គ្រងបានទេ វាអាចនឹងរុញច្រានឱ្យមានការចូលរួមពីភាគីផ្សេងៗទៀតក្នុងតំបន់មជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យវិបត្តិសន្តិសុខ និងសេដ្ឋកិច្ចសកលលោកកាន់តែដុនដាបខ្លាំងលើសដើម៕
ប្រភព៖ Reuters











