សារព័ត៌មានអន្តរជាតិ AFP៖ នាយករដ្ឋមន្ត្រីកម្ពុជាប្ដេជ្ញាប្រឆាំង Scam Online ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិ Agence France-Presse (AFP)ថា «Scam Online» កំពុងបំផ្លាញសេដ្ឋកិច្ចសុចរិតរបស់កម្ពុជា និងធ្វើឱ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានោះ សម្ដេចបានបញ្ជាក់យ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam online នេះឲ្យមានប្រសិទ្ធភាពបំផុត។

ក្នុងបទសម្ភាសន៍ដ៏កម្រជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សម្ដេចបានគូសបញ្ជាក់ថា សកម្មភាពបោកប្រាស់តាមអ៊ីនធឺណេត កំពុងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជា ហើយនេះជាហេតុផលសំខាន់ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់វិធានការបង្ក្រាបយ៉ាងតឹងរឹង ដើម្បី«បោសសម្អាត»។
ដោយឡែក សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ការបង្ក្រាបនាពេលកន្លងមកនេះ គឺមានការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ និងបានបញ្ជូនជនសង្ស័យមួយចំនួនទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។
សម្ដេចធិបតី បានអះអាងទៅកាន់ឆាកអន្តរជាតិថា កម្ពុជាមានការវិនិយោគ ប៉ុន្តែប្រទេសកម្ពុជាមិនបានពឹងផ្អែកលើប្រាក់ចំណូលពីសកម្មភាពខុសច្បាប់ទាំងនោះឡើយ។
ជាមួយគ្នានោះ សម្ដេចបានបន្ថែមថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យធំៗមួយចំនួនដូចជា ទេសចរណ៍ ផលិតកម្ម និងវិស័យសេវាកម្មផ្សេងៗ មិនមែនលើការបោកប្រាស់តាមអ៊ីនធឺណេតដូចដែលមានការចោទប្រកាន់នោះទេ។
ជាងនេះទៅទៀត សម្ដេចធិបតីបានបញ្ជាក់សារជាថ្មី និងអះអាងថា កម្ពុជានឹងបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ តឹងរឹងបំផុតដើម្បីបង្ក្រាបបណ្តាញជនឆបោក និងការជួញដូរមនុស្សដែលពាក់ព័ន្ធ ដើម្បីលុបបំបាត់ការខូចខាតសេដ្ឋកិច្ច និងនាំឲ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស ដោយធានាថាប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍតាមគន្លងសុចរិត និងចីរភាព។
ប្រភព៖ AFP











