អតីតប្រធានាធិបតី ហ្វីលីពីន លោក ឌូទើតេ អវត្តមានក្នុងសវនាការ ICC ដោយអះអាងថាមានបញ្ហាសុខភាព
សវនាការមុនអង្គសេចក្តីដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយហ្វីលីពីន បានចាប់ផ្តើមបើកអង្គសវនាការនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នាថ្ងៃច័ន្ទនេះ ដើម្បីពិនិត្យលើការចោទប្រកាន់ប្រឆាំងនឹងអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ពាក់ព័ន្ធនឹងយុទ្ធនាការ “សង្គ្រាមគ្រឿងញៀន”។ ទោះជាយ៉ាងណា ជនជាប់ចោទដែលបច្ចុប្បន្នមានវ័យ ៨០ ឆ្នាំ និងកំពុងស្ថិតក្រោមការឃុំខ្លួននៅទីក្រុងឡាអេ បានសម្រេចចិត្តមិនបង្ហាញខ្លួនក្នុងសវនាការឡើយ ដោយមេធាវីការពារក្តីបានអះអាងថា រូបលោកមានស្ថានភាពទ្រុឌទ្រោម និងមានបញ្ហាបាត់បង់ការចងចាំ។ ទោះជាយ៉ាងនេះក្តី ចៅក្រមបានកត់សម្គាល់ថា ហេតុផលទាំងនេះនៅមានលក្ខណៈជាការលើកឡើងតែឯកតោភាគីប៉ុណ្ណោះ បន្ទាប់ពីលទ្ធផលនៃការពិនិត្យវេជ្ជសាស្ត្រកាលពីខែមុនបានបង្ហាញថា លោកមានសុខភាពមាំមួនគ្រប់គ្រាន់សម្រាប់តតាំងក្តីតាមផ្លូវច្បាប់។

ក្នុងអង្គសវនាការនេះ ព្រះរាជអាជ្ញាតុលាការ ICC បានដាក់បង្ហាញភស្តុតាងយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបទចោទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ដែលកើតចេញពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ចន្លោះពី ១២,០០០ ទៅ ៣០,០០០ នាក់ ក្នុងអំឡុងពេលដែលលោកកាន់អំណាចជាប្រធានាធិបតី។ ទោះបីជាមានភស្តុតាងទាំងនេះក៏ដោយ ក៏លោក ឌូទើតេ នៅតែបន្តរក្សាជំហរបដិសេធរាល់ការចោទប្រកាន់ និងមិនទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការអន្តរជាតិឡើយ ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ។ ក្រុមគ្រួសារដែលបានធ្វើដំណើរទៅកាន់ទីក្រុងឡាអេ បានសម្តែងការខកចិត្ត និងបានហៅរូបលោកថាជា “មនុស្សកំសាក” ដែលមិនហ៊ានឈរប្រឈមមុខនឹងការពិត ចំពោះទង្វើដែលលោកបានប្រព្រឹត្តមកលើពលរដ្ឋខ្លួនឯង។
លើសពីនេះ សវនាការនេះបានកើតឡើងចំពេលដែលស្ថានការណ៍នយោបាយនៅប្រទេសហ្វីលីពីនកំពុងមានភាពតានតឹងខ្លាំង ខណៈដែលកូនស្រីរបស់លោកគឺអ្នកស្រី សារ៉ា ឌូទើតេ កំពុងត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ឆ្នាំ ២០២៨ ខាងមុខ។ កត្តានេះបានធ្វើឱ្យសំណុំរឿងនៅតុលាការ ICC ក្លាយជាចំណុចរបត់ដ៏សំខាន់ និងជាឥទ្ធិពលនយោបាយដ៏ធំសម្រាប់អនាគតនៃប្រទេសជាតិ។ គួរបញ្ជាក់ថា អង្គសវនាការនឹងបន្តរហូតដល់ចុងសប្តាហ៍នេះ ដើម្បីសម្រេចថាតើភស្តុតាងដែលមានស្រាប់ មានទម្ងន់គ្រប់គ្រាន់ដើម្បីបញ្ជូនករណីនេះទៅកាន់ការជំនុំជម្រះទោសជាផ្លូវការ (Full Trial) ឬយ៉ាងណា ខណៈសេចក្តីសម្រេចចុងក្រោយត្រូវបានរំពឹងថានឹងត្រូវប្រកាសក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់៕
ប្រភព៖ The Guardian















