|

ប្រទេសថៃកំពុងចាញ់ប្រៀបវៀតណាមលើផ្នែកសេដ្ឋកិច្ច និងអប់រំ ដែលអាចឈានទៅរកការក្លាយជា «អ្នកជំងឺឈឺនៃទ្វីបអាស៊ី»


នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមអ្នកសិក្សាស្រាវជ្រាវ និងសេដ្ឋវិទូថៃ បានចេញមុខផ្ដល់សញ្ញាអាសន្នថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម ទំនងជានឹងដេញទាន់ប្រទេសថៃក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំខាងមុខទៀតប៉ុណ្ណោះ ប្រសិនបើរដ្ឋាភិបាលថៃមិនប្រញាប់ប្រញាល់ធ្វើកំណែទម្រង់សេដ្ឋកិច្ចឱ្យបានស៊ីជម្រៅ និងដោះស្រាយបញ្ហាអស្ថិរភាពនយោបាយនាពេលបច្ចុប្បន្ននោះទេ។

យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post លោក Aat Pisanwanich សេដ្ឋវិទូឯករាជ្យដ៏លេចធ្លោមួយរូប បានគូសបញ្ជាក់ថា បច្ចុប្បន្ន GDP របស់ថៃមានទំហំប្រហែល ៥០០ ប៊ីលានដុល្លារ ខណៈដែល GDP របស់វៀតណាមបានហក់ឡើងលើស ៤០០ ប៊ីលានដុល្លារ រួចទៅហើយ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះគឺ ទាំងការវិនិយោគផ្ទាល់ពីបរទេស (FDI) និងទំហំនៃការនាំចេញរបស់វៀតណាម សុទ្ធតែមានកម្រិតខ្ពស់ជាងថៃ។

ក្រៅពីវិស័យសេដ្ឋកិច្ច គុណភាពអប់រំរបស់វៀតណាមក៏កំពុងបង្ហាញនូវសន្ទុះយ៉ាងខ្លាំងក្លាផងដែរ។ សាកលវិទ្យាល័យសេដ្ឋកិច្ចហូជីមិញ បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ៥០០ លើពិភពលោក ដែលជាកម្រិតស្មើនឹងសាកលវិទ្យាល័យជូឡាឡុងកុងរបស់ថៃ។ បន្ថែមលើនេះ ទីក្រុងហាណូយបានដាក់គោលដៅរុញច្រានសាកលវិទ្យាល័យរបស់ខ្លួនឱ្យចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣០០ លើពិភពលោក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត។

លោក Aat បានសង្កត់ធ្ងន់ថា បញ្ហាឫសគល់ដែលធ្វើឱ្យថៃបាត់បង់សមត្ថភាពប្រកួតប្រជែង គឺបណ្តាលមកពីអស្ថិរភាពនយោបាយ អំពើពុករលួយ និងការតែងតាំងមន្ត្រីតាមបក្ខពួកនិយម ជាជាងសមត្ថភាពពិតប្រាកដ។ លោកបានបន្ថែមថា ការបន្តប្រើប្រាស់គោលនយោបាយប្រជាភិថុតិក្នុងរយៈពេលយូរអង្វែង បានបណ្តាលឱ្យប្រទេសថៃត្រូវបានគេប្រសិទ្ធនាមថាជា «អ្នកជំងឺឈឺនៃទ្វីបអាស៊ី» ខណៈដែលប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋបាននៅទ្រឹងត្រឹមប្រហែល ៧,០០០ ដុល្លារ ក្នុងម្នាក់ក្នុងមួយឆ្នាំ។

ប្រភព៖ Bangkok post