សម្ដេចហ៊ុនសែន៖ “ទាន់មានវ៉ាក់សាំង គួរនាំកូនទៅចាក់ឲ្យបានគ្រប់គ្នា!”
ដោយ៖ ផាត់ គឹមឆែ
កាលពីព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០២១ នេះ តាមរយៈការផ្សាយផ្ទាល់លើហ្វេសប៊ុកផ្លូវការរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនក្មេងៗ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅវិមានសន្តិភាព។ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ សម្ដេចបានថ្លែងពីអត្ថប្រយោជន៍នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំពោះកុមារ ដែលមាន៣ ចំណុចសំខាន់ៗដូចជា៖
ទី១. ផ្ដល់ការការពារការឆ្លងក្នុងរង្វង់គ្រួសារ៖ បើនៅក្នុងគ្រួសារមួយ សមាជិកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានទទួលការចាក់វ៉ាក់សាំង ដោយឡែកកុមារក្រោម១៨ឆ្នាំមិនបានទទួលការចាក់វ៉ាក់សាំងទេនោះ គឺមិនអាចធានាសុវត្ថិភាពក្នុងក្រុមគ្រួសារបាន១០០%ឡើយ។ ពោលគឺហានិភ័យក្នុងគ្រួសារ និងការគំរាមកំហែងនៅតែមានដល់សុវត្ថិភាពគ្រួសារមួយនោះ ដូចច្នេះគួរនាំកូនៗទៅចាក់វ៉ាក់សាំងឲ្យយបានគ្រប់គ្នា។
ទី២. ធានាបាននូវទំពាំងស្នងឫស្សី ដែលមានសុខភាពរឹងមាំ៖ កុមារជាអនាគតសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ក្រៅពីមានចំណេះដឹងហើយ ត្រូវមានសុខភាពល្អមាំមួន ដើម្បីជាកម្លាំងសម្រាប់ទ្រទ្រង់ប្រទេសជាតិ។ ហេតុនេះកុមារគួរទទួលបានការថែទាំ ផ្ដល់ការការពារសុខភាពឲ្យបានល្អ។ ការចាក់វ៉ាក់សាំងនេះ គឺកាត់បន្ថយការឆ្លងរីករាលដាលខ្លាំង មិននាំដល់ជំងឺធ្ងន់ធ្ងរ ឬការស្លាប់ធ្ងន់ធ្ងរដោយសារជំងឺឆ្លងកូវីដ-១៩។
ទី៣. ចាប់ផ្ដើមចូលរៀនឡើងវិញ៖ ការផ្ដល់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺផ្ដល់អាទិភាពដល់គម្រោងបើកសាលារៀនឡើងវិញ យ៉ាងហោចណាស់គឺចាប់ផ្ដើមបើកពីថ្នាក់អនុវិទ្យាល័យឡើង នៅអំឡុងខែកញ្ញា ឬខែតុលា ខាងមុខនេះ។ យើងបានដឹងរួចមកហើយថាការបិទសាលារៀននេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃការរៀនសូត្ររបស់សិស្ស និស្សិត។ ដូច្នេះ បើកាលណាគ្រូបង្រៀន និងសិស្សានុសិស្សិ បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ បានគ្រប់គ្នា នោះយើងនឹងអាចមានលទ្ធភាពបើកសាលារៀនឲ្យដំណើរការឡើងវិញ។
គួររំលឹកថា ក្នុងសេចក្ដីថ្លែងការណ៍នេះ សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ហើយមកដល់ពេលនេះ ក្នុងចំណោមមនុស្សជាង ១០លាននាក់ មានជាង ៧លាននាក់ មកហើយដែលបានទៅទទួលការចាក់វាក់សាំងការពារជំងឺ កូវីដ-១៩៕
កែសម្រួលដោយ៖ BRANDMEDIA