|

អ៊ីរ៉ង់នឹងចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី បើអាមេរិកយល់ព្រមដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់


មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានបញ្ជាក់ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាអំពីការសម្របសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយសហរដ្ឋអាមេរិក ប្រសិនបើវ៉ាស៊ីនតោនបង្ហាញឆន្ទៈច្បាស់លាស់ក្នុងការពិភាក្សាអំពីការដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC នៅទីក្រុងតេអេរ៉ង់ លោក Majid Takht-Ravanchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងថា ការសម្រេចចិត្តស្ថិតនៅលើសហរដ្ឋអាមេរិក ក្នុងការបញ្ជាក់ថា តើពួកគេចង់ធ្វើកិច្ចព្រមព្រៀងមែនឬទេ។ លោកបានបន្ថែមថា ប្រសិនបើអាមេរិកស្មោះត្រង់ ការឈានទៅរកកិច្ចព្រមព្រៀងមួយអាចមានលទ្ធផលវិជ្ជមាន។

ការបញ្ជាក់នេះកើតឡើង ខណៈដែលមន្ត្រីអាមេរិកបានអះអាងថា អ៊ីរ៉ង់ជាភាគីដែលកំពុងរារាំងវឌ្ឍនភាពនៃដំណើរការចរចា។ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានលើកឡើងថា ប្រធានាធិបតី Donald Trump ចង់បានកិច្ចព្រមព្រៀង ប៉ុន្តែការសម្រេចវាជាមួយអ៊ីរ៉ង់គឺជាបញ្ហាប្រឈមយ៉ាងខ្លាំង។

ដោយឡែក លោក Takht-Ravanchi បានបញ្ជាក់ថា អ៊ីរ៉ង់ត្រៀមពិភាក្សាបញ្ហានុយក្លេអ៊ែរ ប្រសិនបើការដកទណ្ឌកម្មត្រូវបានដាក់លើតុចរចា ប៉ុន្តែមិនបានបញ្ជាក់ថាតើទណ្ឌកម្មទាំងអស់ ឬតែផ្នែកណាមួយនឹងត្រូវដកចេញឡើយ។

ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បដិសេធមិនពិភាក្សាពីកម្មវិធីមីស៊ីលផ្លោង និងការគាំទ្រក្រុមប្រដាប់អាវុធក្នុងតំបន់ ដែលជាបញ្ហាដែលអាមេរិក និងអ៊ីស្រាអែលបានលើកឡើងជាចម្បងនោះទេ។

ដូចគ្នាដែរ លោក Takht-Ravanchi បានព្រមានថា មូលដ្ឋានយោធាអាមេរិកក្នុងតំបន់អាចក្លាយជាគោលដៅ ប្រសិនបើមានការវាយប្រហារ។ ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នៅតែផ្តល់អាទិភាពដល់ដំណោះស្រាយតាមផ្លូវការទូត។

ទោះមានការសង្ស័យពីអ្នកសង្កេតការណ៍អំពីលទ្ធភាពសម្រេចបាននៃកិច្ចព្រមព្រៀងថ្មីក៏ដោយ អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននឹងបន្តចូលរួមកិច្ចចរចាជាបន្តបន្ទាប់ដោយសង្ឃឹមថា អាចឈានដល់កិច្ចព្រមព្រៀងដែលទាំងពីរភាគីអាចទទួលយកបាន។

ប្រភព៖ BBC