សហរដ្ឋអាមេរិក និងតៃវ៉ាន់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដោយកាត់ពន្ធគយនៅត្រឹម ១៥%
សហរដ្ឋអាមេរិក និង តៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដោយកាត់បន្ថយពន្ធលើការនាំចេញរបស់តៃវ៉ាន់ទៅទីផ្សារអាមេរិកមកត្រឹម ១៥% ស្មើនឹងអត្រាពន្ធដែលអនុវត្តចំពោះដៃគូអាស៊ីដទៃទៀត ដូចជា ជប៉ុន និង កូរ៉េខាងត្បូង ខណៈដែលតៃវ៉ាន់ព្រមព្រៀងបើកទីផ្សាររបស់ខ្លួនឲ្យទូលំទូលាយសម្រាប់ទំនិញអាមេរិក។
ក្រោមកិច្ចព្រមព្រៀងនេះ តៃវ៉ាន់នឹងលុបបំបាត់ ឬកាត់បន្ថយរបាំងពន្ធប្រហែល ៩៩% លើទំនិញនាំចូលពីសហរដ្ឋអាមេរិក និងផ្តល់ “ការចូលប្រើប្រាស់ទីផ្សារ” សម្រាប់ផលិតផលឧស្សាហកម្ម និងកសិកម្មរបស់អាមេរិក រួមមាន រថយន្ត សាច់គោ ផលិតផលទឹកដោះគោ និងរ៉ែជាដើម។

ប្រធានាធិបតីតៃវ៉ាន់ Lai Ching te បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះជាពេលវេលាសំខាន់សម្រាប់សេដ្ឋកិច្ច និងឧស្សាហកម្មតៃវ៉ាន់ ក្នុងការចាប់យកឱកាសថ្មីៗ និងជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សា។ លោកបន្ថែមថា វានឹងពង្រឹងក្របខ័ណ្ឌសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងតៃវ៉ាន់-សហរដ្ឋអាមេរិក បង្កើនភាពជឿទុកចិត្តលើខ្សែសង្វាក់ផ្គត់ផ្គង់ និងកសាងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាខ្ពស់។
តាមរយៈនេះ កិច្ចព្រមព្រៀងក្របខ័ណ្ឌអនុម័តពីសភាតៃវ៉ាន់ កាលខែមករាបានឲ្យដឹងថា តៃវ៉ាន់សន្យាថា ក្រុមហ៊ុនរបស់ខ្លួននឹងវិនិយោគប្រមាណ ២៥០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដើម្បីជំរុញផលិតកម្មឧបករណ៍អេឡិចត្រូនិក ថាមពល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រួមទាំងការវិនិយោគ ១០០ ពាន់លានដុល្លារដែលបានប្រកាសរួចដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Corp។
លើវិស័យកសិកម្ម តៃវ៉ាន់នឹងលុបបំបាត់ពន្ធរហូតដល់ ២៦% លើផលិតផលកសិកម្មអាមេរិកជាច្រើនភ្លាមៗ ខណៈពន្ធខ្លះៗដូចជា ពន្ធលើសាច់ជ្រូក និងផលិតផលពាក់ព័ន្ធ នឹងត្រូវកាត់បន្ថយតាមកាលវិភាគកំណត់។
ដោយឡែក កិច្ចព្រមព្រៀងនេះត្រូវបានមើលឃើញថា ជាជំហានសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររវាងភាគីទាំងពីរ នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបច្ចេកវិទ្យា កំពុងក្លាយជាចំណុចប្រកួតប្រជែងសំខាន់លើឆាកអន្តរជាតិ។
ប្រភព៖ Reuter















