បណ្តាប្រទេសនៅអាស៊ី រឹតបន្តឹងការត្រួតពិនិត្យនៅអាកាសយានដ្ឋាន ដោយសារភាពភ័យខ្លាចវីរុស Nipah បន្ទាប់ពីឥណ្ឌាបញ្ជាក់ពីករណីឆ្លងថ្មី!
ប្រទេសឥណ្ឌាបញ្ជាក់ពីករណីឆ្លងវីរុស Nipah ចំនួនពីរករណីនៅក្នុងផ្សេងទៀត ដែលជំរុញឱ្យបណ្តាប្រទេសនៅអាស៊ី រួមមាន ថៃ សិង្ហបុរី ហុងកុង និងម៉ាឡេស៊ី រឹតបន្តឹងវិធានការត្រួតពិនិត្យសុខភាពនៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការការរីករាលដាលនៃមេរោគដ៏សាហាវនេះ។

តាមការសិក្សាស្រាវជ្រាវ វីរុស Nipah គឺជាមេរោគដែលចម្លងពីសត្វទៅមនុស្ស ជាពិសេសតាមរយៈប្រចៀវ ផ្លែឈើ ឬសត្វចិញ្ចឹមដូចជា ជ្រូក ហើយអាចបណ្តាលឱ្យមានរោគសញ្ញាដូចជា គ្រុនក្តៅ និងរលាកខួរក្បាល ដោយមានអត្រាមរណភាពខ្ពស់ចន្លោះពី ៤០% ទៅ ៧៥%។ ទោះបីជាមេរោគនេះអាចឆ្លងពីមនុស្សទៅមនុស្សក៏ដោយ ការឆ្លងត្រូវការការប៉ះពាល់យូរ ហើយហានិភ័យចំពោះសាធារណជនទូទៅនៅតែទាប។
អាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ករណីឆ្លងទាំងពីរនេះត្រូវបានរកឃើញនៅរដ្ឋ West Bengal នៅចុងខែធ្នូ ឆ្នាំ ២០២៥ ហើយជាបុគ្គលិកសុខាភិបាល ដែលបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ មនុស្សចំនួន ១៩៦ នាក់ដែលបានប៉ះពាល់ជិតស្និទ្ធ ត្រូវបានកំណត់អត្តសញ្ញាណ និងធ្វើតេស្ត ដែលលទ្ធផលទាំងអស់អវិជ្ជមាន និងគ្មានរោគសញ្ញា។
ក្រសួងសុខាភិបាលឥណ្ឌាបានអំពាវនាវឱ្យសាធារណជនកុំជឿលើព័ត៌មានមិនត្រឹមត្រូវ ហើយបានបញ្ជាក់ថា វិធានការឃ្លាំមើល ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ និងការទប់ស្កាត់ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលា។
ជាការឆ្លើយតបលើប្រតិកម្មនឹងស្ថានការណ៍នេះ សិង្ហបុរីបានចាប់ផ្តើមត្រួតពិនិត្យសីតុណ្ហភាពអ្នកដំណើរពីតំបន់ដែលមានការឆ្លង ខណៈដែលហុងកុង ថៃ និងម៉ាឡេស៊ី ក៏បានអនុវត្តវិធានការត្រួតពិនិត្យសុខភាពកាន់តែតឹងរ៉ឹងនៅតាមច្រកចូលអន្តរជាតិ។ ដោយឡែកប្រទេសនេប៉ាល់ និងចិនក៏បានប្រកាសបង្កើនការប្រុងប្រយ័ត្នផងដែរ ទោះបីមិនទាន់រកឃើញករណីឆ្លងនៅក្នុងប្រទេសខ្លួនក៏ដោយ។
គួរបញ្ជាក់ថា វីរុស Nipah មិនមែនជាមេរោគថ្មីសម្រាប់ប្រទេសឥណ្ឌានោះទេ ដោយប្រទេសនេះបានរាយការណ៍ពីករណីឆ្លងម្តងម្កាល ជាពិសេសនៅរដ្ឋ Kerala ភាគខាងត្បូង ដែលត្រូវបានចាត់ទុកថាជាតំបន់មានហានិភ័យខ្ពស់។ អង្គការសុខភាពពិភពលោកបានចាត់ថ្នាក់ Nipah ជាមេរោគអាទិភាព ដោយសារតែមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលមានអាជ្ញាប័ណ្ណ និងមានអត្រាមរណភាពខ្ពស់។
ដោយឡែក គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស Nipah ប្រហែលចំនួន ៧៥០ ករណី និងការស្លាប់ជាង ៤១៥ នាក់។ ការឆ្លងថ្មីនៅរដ្ឋ West Bengal គឺជាករណីដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ ដែលធ្វើឱ្យអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ និងអន្តរជាតិ បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់។
ប្រភព៖ Reuters











