ចិនប្រហារជីវិតសមាជិកគ្រួសារ Ming Xuechang ១១ នាក់ ដែលជាជនជាតិមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិតជិតតំបន់ព្រំដែនចិន!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អាជ្ញាធរចិនបានអនុវត្តទោសប្រហារជីវិតលើសមាជិកចំនួន ១១ នាក់ នៃគ្រួសារMing Xuechang ដ៏ល្បីល្បាញមួយពីប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានរកឃើញថា បានដំណើរការមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅតំបន់ព្រំដែនភាគឦសានរបស់មីយ៉ាន់ម៉ា ជាប់ប្រទេសចិន។

ការអនុវត្តទោសប្រហារជីវិតនេះ ត្រូវបានមើលឃើញថា ជាសារដ៏តឹងរឹងមួយពីទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់បណ្តាញបោកប្រាស់តាមអ៊ីនធឺណិត។ ទោះជាយ៉ាងណា អាជីវកម្មខុសច្បាប់ទាំងនេះត្រូវបានរាយការណ៍ថា បានផ្លាស់ទីទៅតំបន់ព្រំដែនមីយ៉ាន់ម៉ា–ថៃ និងឡាវ ជាតំបន់ដែលឥទ្ធិពលរបស់ចិនមានកម្រិតតិចជាង។
យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មនុស្សរាប់សែននាក់ត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា និងប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍។ ក្នុងចំណោមពួកគេ មានជនជាតិចិនរាប់ពាន់នាក់ ខណៈជនរងគ្រោះដែលត្រូវបានបោកប្រាស់ បាត់បង់ប្រាក់រាប់ពាន់លានដុល្លារ ភាគច្រើនក៏ជាជនជាតិចិនផងដែរ។
«តើគ្រួសារMing Xuechang ជានរណា? ហើយហេតុអ្វីបានជាចិនបង្ក្រាបជនឆបោកទាំងនេះ?»
គ្រួសារMing Xuechang គឺជាត្រកូលមួយក្នុងចំណោមត្រកូលជាច្រើន ដែលបានគ្រប់គ្រងទីក្រុង Laukkaing នៅភាគខាងជើងរដ្ឋសាន ដោយបានបម្លែងទីក្រុងក្រីក្រមួយនេះឲ្យក្លាយជាមជ្ឈមណ្ឌលកាស៊ីណូដ៏ល្បីល្បាញ។
សមាជិកទាំង ១១ នាក់នៃគ្រួសារMing Xuechang គឺជាមេខ្លោងបោកប្រាស់ដំបូងគេនៅមីយ៉ាន់ម៉ា ដែលត្រូវបានចិនអនុវត្តទោសប្រហារជីវិត។ ទោះជាយ៉ាងណា ពួកគេមិនមែនជាក្រុមចុងក្រោយនោះទេ ដោយសមាជិកប្រាំនាក់នៃគ្រួសារបៃ ក៏ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែវិច្ឆិកា ខណៈការកាត់ក្តីលើគ្រួសារវៃ និងលីវ នៅមិនទាន់បញ្ចប់នៅឡើយ។
តុលាការកំពូលចិន បានបញ្ជាក់ថា ប្រតិបត្តិការបោកប្រាស់ និងល្បែងស៊ីសងរបស់គ្រួសារMing Xuechang បានរកប្រាក់ចំណូលជាង ១០ ពាន់លានយន់ ចន្លោះឆ្នាំ ២០១៥ ដល់ ២០២៣ ហើយបានបណ្តាលឲ្យពលរដ្ឋចិន ១៤ នាក់ស្លាប់ និងមនុស្សជាច្រើននាក់រងរបួស។
ជាងនេះផងដែរ មនុស្សជាង ២០ នាក់ផ្សេងទៀតក្នុងគ្រួសារMing Xuechang ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ចាប់ពី ៥ ឆ្នាំ រហូតដល់អស់មួយជីវិត។ ដោយសារតែ មេគ្រួសារ លោក Ming Xuechang ត្រូវបានរាយការណ៍ថា បានធ្វើអត្តឃាតនៅឆ្នាំ ២០២៣ ខណៈពេលព្យាយាមគេចពីការឃុំខ្លួន។
ដោយឡែក សក្ខីកម្មពីកម្មករដែលត្រូវបានដោះលែង បានបង្ហាញថា នៅក្នុងបរិវេណដែលមានការការពារយ៉ាងតឹងរឹងទាំងនោះ មានអំពើហិង្សា ការវាយដំ និងការធ្វើទារុណកម្ម ដែលត្រូវបានប្រើប្រាស់ជារឿយៗ ដើម្បីបង្ខំឱ្យជនរងគ្រោះធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។
ប្រភព៖ BBC















