អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ក្នុងការតបតវិញភ្លាមៗ ប្រសិនអាមេរិកហ៊ានវាយប្រហារមកលើខ្លួនមែន!
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញការព្រមានទៅកាន់អ៊ីរ៉ង់ថា «ពេលវេលាជិតអស់ហើយ» សម្រាប់ការចរចាកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយកងកម្លាំងយោធានៅក្នុងតំបន់ឈូងសមុទ្រ។

ឆ្លើយតបទៅនឹងការព្រមាននេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាជី បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបភ្លាមៗ និងខ្លាំងក្លា ចំពោះការឈ្លានពានណាមួយ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានបន្តអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសន្តិភាព និងមិនស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ។
យោងតាម BBC Verify សហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា ក្នុងនោះមាននាវាផ្ទុកយន្តហោះ USS Abraham Lincoln និងយន្តហោះចម្បាំងជាច្រើនគ្រឿងនៅមូលដ្ឋានយោធាផ្សេងៗ។ អ្នកវិភាគបានលើកឡើងថា វត្តមានយោធានេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃជំហរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងតំបន់។
ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ អ៊ីរ៉ង់ត្រូវបានដាក់កម្រិតយ៉ាងតឹងរឹងលើការបង្កើនជាតិអ៊ុយរ៉ាញ៉ូម ប៉ុន្តែបន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៨ អ៊ីរ៉ង់បានចាប់ផ្តើមរំលោភលើការរឹតបន្តឹងជាបន្តបន្ទាប់។ ស្ថានការណ៍បច្ចុប្បន្នបង្ហាញថា ភាពតានតឹងរវាងប្រទេសទាំងពីរនៅតែខ្ពស់ ហើយអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នៅតែមិនច្បាស់លាស់។
ប្រភព៖ BBC











