|

រលកកម្ដៅក្នុងប្រទេសអូស្ត្រាលីកើនឡើងលើស ៤៩ អង្សាសេ ដែលកំពុងព្រមានពីហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស!


ប្រទេសអូស្ត្រាលីកំពុងប្រឈមនឹងរលកកម្ដៅខ្លាំងបំផុតមួយ ក្នុងនោះសីតុណ្ហភាពបានកើនឡើងខ្លាំងលើសពី ៤៩ ដល់ ៥០ អង្សាសេ នៅតំបន់ជាច្រើន រួមមាន រដ្ឋវិកតូរីយ៉ា អូស្ត្រាលីខាងត្បូង និងរដ្ឋនូវសៅវែល ដែលបានបំបែកកំណត់ត្រាសីតុណ្ហភាពកាលពីមុន។

តាមការសង្កេតរបស់ វេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខភាពបានព្រមានថា កម្ដៅនៅកម្រិតខ្ពស់បែបនេះអាចលើសពីសមត្ថភាពធម្មតារបស់រាងកាយមនុស្សក្នុងការកែសម្រួលសីតុណ្ហភាព និងបណ្ដាលឱ្យបេះដូងធ្វើការខ្លាំងជាងធម្មតា អាចបង្កើនហានិភ័យនៃជំងឺបេះដូង ការខូចតម្រងនោម និងការខូចប្រព័ន្ធឈាម។ ក្នុងករណីធ្ងន់ធ្ងរ អាចនាំទៅរកជំងឺកម្ដៅខ្លាំង (heat stroke) ដែលគំរាមកំហែងដល់ជីវិត។

តាមស្ថិតិផ្លូវការ ការឡើងកម្ដៅខ្លាំងត្រូវបានចាត់ទុកថាជាគ្រោះមហន្តរាយអាកាសធាតុដែលបណ្ដាលឱ្យមានអ្នកស្លាប់ច្រើនបំផុតនៅអូស្ត្រាលី បង្កឱ្យមានការចូលព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ច្រើនជាងគ្រោះធម្មជាតិប្រភេទផ្សេងៗទាំងអស់។

ហានិភ័យនៃរលកកម្ដៅត្រូវបានបង្កហានិភ័យបន្ថែមដោយកត្តាជាច្រើន រួមមាន សំណើមខ្យល់ខ្ពស់ ការប៉ះពាល់ពន្លឺព្រះអាទិត្យដោយផ្ទាល់ ការរស់នៅជាមួយជំងឺរ៉ាំរ៉ៃ និងការខ្វះភាពត្រជាក់នៅពេលយប់ ដែលធ្វើឱ្យរាងកាយមិនអាចស្ដារកម្លាំងបានពេញលេញ។

ដោយឡែក ក្នុងបរិបទនេះ អ្នកជំនាញផ្នែកសុខភាពបានណែនាំឱ្យប្រជាជនផឹកទឹកឱ្យបានគ្រប់គ្រាន់ ជៀសវាងសកម្មភាពក្រៅផ្ទះនៅពេលកម្ដៅខ្ពស់ រក្សាបរិយាកាសនៅក្នុងផ្ទះឱ្យមានភាពត្រជាក់ និងកាត់បន្ថយការប្រើកម្លាំងរាងកាយ ព្រមទាំងការងារដែលត្រូវការការគិតស្មុគស្មាញ ក្នុងអំឡុងពេលមានរលកកម្ដៅខ្លាំង ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាព។

ប្រភព៖ The Guardian