|

លោក Volodymyr Zelenskiy ហៅការវាយប្រហាររបស់រុស្សីលើរថភ្លើងស៊ីវិលរបស់អ៊ុយក្រែនថា ជាអំពើភេរវកម្ម


តាមប្រភពសារព័ត៌មានបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីលើរថភ្លើងដឹកអ្នកដំណើរមួយ នៅតំបន់ភាគឦសានប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារផ្សេងទៀតលើទីក្រុង Odesa ភាគខាងត្បូង បានសម្លាប់មនុស្សបីនាក់ និងបង្កឲ្យមានអ្នករងរបួសយ៉ាងហោចណាស់ ២៥ នាក់ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអ៊ុយក្រែន។

ព្រះរាជអាជ្ញានៅតំបន់ Kharkiv បាននិយាយថា បំណែកសាកសពមនុស្សចំនួនត្រូវបានរកឃើញនៅកន្លែងកើតហេតុ ដែលរថភ្លើងត្រូវបានវាយប្រហារ និងឆេះអស់រយៈពេលជាច្រើនម៉ោង។ រូបភាពដែលបង្ហោះតាមអ៊ីនធឺណិតបានបង្ហាញទូរថភ្លើងយ៉ាងហោចណាស់ពីរគ្រឿងកំពុងឆេះនៅលើផ្លូវដែក។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្កោលទោសការវាយប្រហារនេះ ដោយចាត់ទុកថាជា “អំពើភេរវកម្ម” និងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីការពារជីវិតប្រជាពលរដ្ឋស៊ីវិល។ លោកបានលើកឡើងថា ការវាយប្រហារលើរថភ្លើងស៊ីវិល គឺជាអំពើមិនអាចទទួលយកបាននៅក្នុងប្រទេសណាមួយ។

នៅទីក្រុង Odesa អភិបាលរដ្ឋ លោក Oleh Kiper បាននិយាយថា ក្នុងចំណោមអ្នករងរបួស មានកុមារពីរនាក់ និងស្ត្រីមានផ្ទៃពោះម្នាក់ ខណៈអគារលំនៅដ្ឋានជាច្រើន ព្រះវិហារ សាលាមត្តេយ្យ និងវិទ្យាល័យមួយចំនួន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

នៅរដ្ឋធានី Kyiv រដ្ឋមន្ត្រីក្រសួងថាមពល លោក Denys Shmyhal បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ៧១០,០០០ នាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលកាលពីសប្តាហ៍មុន។ ក្រុមហ៊ុនថាមពលឯកជន DTEK បានរាយការណ៍ថា រោងចក្រថាមពលមួយនៅ Odesa បានរងការបំផ្លិចបំផ្លាញយ៉ាងដំណំផងដែរ។

លោក Zelenskiy បានបញ្ជាក់ថា ការវាយប្រហារបែបនេះធ្វើឲ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងការទូត និងការចរចាសន្តិភាព ដែលគ្រោងនឹងធ្វើឡើងរវាងភាគីទាំងពីរ ក្នុងពេលខាងមុខ។

ប្រភព៖ Reuters