|

ការទទួល និងបញ្ជាទិញវ៉ាក់សាំង៖ នយោបាយការទូតដ៏ត្រឹមត្រូវរបស់កម្ពុជា


បើមិនមានអ្វីប្រែប្រួលទេ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន​ នឹងអញ្ជើញដោយផ្ទាល់ទៅទទួលយកវ៉ាក់សាំង ដែលជាជំនួយរបស់ជប៉ុន តាមយន្តការ Covax នៅរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។​ នេះបើតាមការឲ្យដឹងពីប្រភពផ្លូវការនានា។

ការអញ្ជើញទៅដោយផ្ទាល់របស់សម្តេចនៅពេលនេះ ជាកាយវិការមួយដែលមជ្ឈដ្ឋានមួយចំនួនយល់ថា ជាការបង្ហាញពីភាពទន់ភ្លន់​ និងការឲ្យតម្លៃខ្ពស់របស់កម្ពុជា ចំពោះអំណោយទាំងឡាយដែលជាជំនួយពីភាគីបរទេស​ ជាពិសេសនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះ។ កាយវិការនេះ ក៍ត្រូវបានគេមើលឃើញថា ជាការពន្យល់ដោយប្រយោល ចំពោះការចោទប្រកាន់ជារឿយៗថា រាជរដ្ឋាភិបាលកម្ពុជា តែងតែលំអៀងតាមរយៈការឲ្យតម្លៃទៅលើអំណោយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលជាដៃគូដែកថែបរបស់កម្ពុជាលើគ្រប់វិស័យ។

កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងបានប្រកាសថា រាជរដ្ឋាភិបាលរបស់សម្តេច មិនដែលបដិសេធចំពោះជំនួយរបស់ប្រទេសណាមួយឡើយ ឲ្យតែជំនួយទាំងនោះ មិនមានបង្កប់នូវចេទនាមិនល្អ។ ការទទួលយកជាបន្តបន្ទាប់នូវជំនួយពីសាធារណៈរដ្ឋប្រជាមានិតចិន នាពេលកន្លងមក គឺដោយសារជំនួយទាំងនោះបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ដែលកម្ពុជាខ្លួនឯងជាអ្នកកំណត់។

មជ្ឈដ្ឋានអ្នកវិភាគយល់ថា ការអញ្ជើញទៅទទួលជំនួយវ៉ាក់សាំងរបស់ជប៉ុននៅពេលនេះ អាចជាចេទនាដោយផ្ទាល់ក្នុងការជំរុញនូវតុល្យភាពនៃការទទួលយកជំនួយពីបរទេស ដែលតុល្យភាពនេះ សម្តេចនាយករដ្ឋមន្រ្តីក៍ធ្លាប់បានបង្ហាញតាមយន្តការនៃការបញ្ជាទិញវ៉ាក់សាំងនាពេលកន្លងទៅ ដែលគ្រានោះសម្តេចបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា នឹងមិនត្រឹមតែពិចារណាក្នុងការទិញវ៉ាក់សាំងចិននោះទេ ប៉ុន្តែក៏មានចេទនាបញ្ជាទិញវ៉ាក់សំាងដែលផលិតនៅប្រទេសអង់គ្លេស ឥណ្ឌា និងសហរដ្ឋអាមេរិកផងដែរ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពុងស្ពឺ បានគូសបញ្ជាក់នៅក្នុងទំព័រហ្វេកបុគរបស់លោកថា បើទោះកម្ពុជា មិនមែនជាប្រទេសស្តុកស្តម្ភ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនគួរជាទីមោទនៈ ដែលនេះបង្ហាញថា កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តនូវនយោបាយការទូតវ៉ាក់សាំងយ៉ាងត្រឹមត្រូវ។ ភាពជោគជ័យនេះ បើតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ដដែល មិនមែនជារឿងចៃដន្យឡើង ប៉ុន្តែជាការប្រមាណស្ថានភាពបានយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ 

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាអាចប្រកាសខ្លួនបានថា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចលើពិភពលោក ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងខ្ពស់ជាងគេ។ ជាមួយនឹងអត្រាសម្រេចបាននូវការចាក់វ៉ាក់សាំងដ៏ខ្ពស់នេះ តាមរយៈសារសម្លេងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលថ្មីៗនេះ​ កម្ពុជាក៍នឹងអាចទទួលបានវ៉ាក់សាំងប្រមាណ ២០លានដូសបន្ថែមទៀត តាមការសន្យារបស់បណ្តាប្រទេសជាមិត្ត។ ជាក់ស្តែង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃនេះ ក៍បានប្រកាសពីការផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ Johnson & Jonhson ចំនួនជាង១លានដូសបន្ថែមដល់កម្ពុជា។

បើតាមតួលេខខាងលើនេះ កម្ពុជា ជាមួយនឹងនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់ខ្លួន នឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួនគ្រប់ៗគ្នា។

អត្ថបទ៖ BRANDMEDIA