លោក ពូទីន ជួបពិភាក្សាជាមួយក្រុមប្រេសិតអាមេរិកនៅវិមានក្រឹមឡាំង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
នាពាក់កណ្តាលអាធ្រាត្រថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចប្រជុំកម្រិតខ្ពស់ និងបន្ទាន់មួយជាមួយក្រុមប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាព ក្នុងបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលបានអូសបន្លាយចូលដល់ឆ្នាំទី៤។




កិច្ចពិភាក្សាដែលមានរយៈពេលជិត ៤ ម៉ោងនេះ ត្រូវបានដឹកនាំដោយប្រតិភូអាមេរិកសំខាន់ៗ រួមមាន លោក Steve Witkoff (ប្រេសិតពិសេស), លោក Jared Kushner និងលោក Josh Gruenbaum។ ជំនួបដ៏វិសាមញ្ញនេះកើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវភាពជឿជាក់យ៉ាងខ្លាំងថា កិច្ចព្រមព្រៀងសន្តិភាពគឺ “ជិតសម្រេចបានហើយ”។


ពាក់ព័ន្ធនឹងចំណុចសំខាន់ៗនៃកិច្ចពិភាក្សានេះ លោក Steve Witkoff បានបញ្ជាក់ថា ដំណើរការនៃកិច្ចចរចារវាងភាគីទាំងពីរកំពុងឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយបច្ចុប្បន្ននៅសេសសល់តែ “បញ្ហាស្នូលមួយចុងក្រោយប៉ុណ្ណោះ” ដែលត្រូវដោះស្រាយឱ្យបានរួចរាល់ មុននឹងឈានដល់ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងនេះក្តី ឧបសគ្គខាងផ្នែកដែនដីនៅតែជាចំណុចរសើបបំផុត ដោយវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ជាថ្មីថា សន្តិភាពយូរអង្វែងអាចសម្រេចទៅបាន លុះត្រាតែមានការព្រមព្រៀងលើការបែងចែកដែនដី ជាពិសេសការទាមទាររបស់រុស្ស៊ីលើតំបន់ Donetsk ដែលបច្ចុប្បន្នអ៊ុយក្រែននៅបន្តកាន់កាប់ប្រមាណ ២០% ទៀតនោះ។
ស្របពេលជាមួយគ្នានៃការចរចាដ៏តានតឹងនេះ រុស្ស៊ីក៏បានបង្ហាញនូវសញ្ញាយោធាដ៏រឹងមាំរបស់ខ្លួន ដោយបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ Tu-22M3 ឱ្យធ្វើការហោះល្បាតលើដែនសមុទ្រ Baltic ដើម្បីបង្ហាញពីឥទ្ធិពល និងការត្រៀមលក្ខណៈយោធារបស់ខ្លួនក្នុងស្ថានភាពឌីប្លូម៉ាតាំងដ៏ក្តៅគគុកនេះ។
ជាជំហានបន្ទាប់ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាក្នុងការបន្តកិច្ចពិភាក្សាត្រីភាគី ដែលនឹងមានការចូលរួមពីតំណាងប្រទេសអ៊ុយក្រែនផងដែរ។ កិច្ចប្រជុំដ៏សំខាន់នេះ គ្រោងនឹងធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ នេះ ដើម្បីពិភាក្សាលម្អិតបន្ថែមលើបញ្ហាសន្តិសុខក្នុងតំបន់។ គួរកត់សម្គាល់ថា ជំនួបនៅវិមានក្រឹមឡាំងនាពេលនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិជុំវិញពិភពលោកមើលឃើញថាជា “ឱកាសមាស” ដ៏កម្របំផុតក្នុងការបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក៕
ប្រភព៖ Reuters















